អន្តរជាតិ

ក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យបានប្រាប់ពីមូលហេតុ ដែលខ្លួនបាញ់ប្រហារមកលើលោក Shinzo Abe (មានវីដេអូ)

BY
autoadmin
July 8, 2022

អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារ កាលពីព្រឹកមិញនេះ នៅម៉ោងប្រហែល ១១ និង ៣០ នាទី ម៉ោងនៅជប៉ុន ដែលត្រូវនឹងម៉ោង ៩ និង ៣០ នាទី ម៉ោងនៅកម្ពុជា។ ប្រភពស៊ើបអង្កេតបានប្រាប់ទូរទស្សន៍ NHK ថា ខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងច្នៃនៅក្នុងការលបបាញ់ប្រហារមួយនោះ ខណៈដែលជនល្មើសគឺជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត Nara ផ្ទាល់តែម្ដង ជាកន្លែងដែលលោក Abe កំពុងធ្វើសន្ទរកថា គាំទ្របេក្ខភាពក្នុងការបោះឆ្នោតសភាជាន់ខ្ពស់នៅចុងសប្តាហ៍នេះ។

ប្រភព​ការពារ​ជាតិជប៉ុនបាន​និយាយ​ថា ជន​សង្ស័យមានឈ្មោះ Yamagami Tetsuya អាយុ ៤១ឆ្នាំ ធ្លាប់​ធ្វើ​ការ​ឱ្យ​កង​កម្លាំង​ស្វ័យ​ការពារ​ដែន​សមុទ្រ​រយៈ​ពេល​ ៣ឆ្នាំ ​រហូត​ដល់​​ឆ្នាំ ២០០៥ ប៉ុន្តែកាលនោះ គឺលោក Abe មិនទាន់ក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុននៅឡើយទេ។ ជនសង្ស័យបានប្រាប់អ្នកស៊ើបអង្កេតថា គាត់មិនពេញចិត្តនឹងអតីតនាយករដ្ឋមន្ត្រីរូបនេះ ហើយមានបំណងចង់សម្លាប់គាត់តែម្ដង។ ការិយាល័យគណបក្សប្រជាធិបតេយ្យសេរីក្នុងតំបន់ និយាយថា ការបង្ហាញខ្លួនរបស់លោក Abe ត្រូវបានសម្រេចកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយព័ត៌មានលម្អិតទាំងនោះត្រូវបានផ្សព្វផ្សាយដល់អ្នកគាំទ្រ ទើបជនល្មើសអាចដឹងពីវត្តមានរបស់លោកអាបេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: