អន្តរជាតិ

លោក អាបេ ទទួលមរណភាពដោយសារហូរឈាមច្រើនពេក បន្ទាប់ពីគ្រាប់កាំភ្លើងបានបំផ្លាញសរសៃឈាម​ក្រោមឆ្អឹងដងកាំបិតរបស់គាត់

BY
autoadmin
July 9, 2022

បើតាមការធ្វើកោសល្យវិច័យរហូតដល់ព្រឹកថ្ងៃសៅរ៍បានឱ្យដឹងថា អតីត​នាយក​រដ្ឋមន្ត្រី​លោក អាបេ ស៊ីនហ្សូ (Abe Shinzo) បាន​ស្លាប់​ដោយសារបាត់បង់​ឈាមច្រើនពេក ​បន្ទាប់​ពី​គ្រាប់​កាំភ្លើង​បាន​បំផ្លាញ​សរសៃឈាម​ក្រោមឆ្អឹងដងកាំបិត​របស់​គាត់។ ប្រភពពីប៉ូលីសបាននិយាយថា គ្រាប់​កាំភ្លើង​បាន​ឆ្លង​កាត់​ដៃ​ឆ្វេង​ខាង​លើ​របស់​លោក អាបេ ហើយ​បាន​បំផ្លាញ​សរសៃឈាម​នៅ​ក្រោមឆ្អឹងដងកាំបិត​របស់​គាត់។ លោក អាបេ ត្រូវបានគេបាញ់សម្លាប់កាលពីព្រឹកថ្ងៃសុក្រ ខណៈលោកកំពុងថ្លែងសុន្ទរកថា នៅជិតស្ថានីយ៍រថភ្លើងមួយ ក្នុងទីក្រុង Nara ភាគខាងលិច ហើយ​ជន​ល្មើសឈ្មោះ Yamagami Tetsuya អាយុ​ ៤១​ឆ្នាំ​ ត្រូវបានចាប់ខ្លួននៅ​នឹង​កន្លែង។

ជនល្មើសអត់ការងារធ្វើម្នាក់នោះ គឺជាអ្នកស្រុកនៅទីក្រុង Nara ផ្ទាល់តែម្ដង ហើយខ្លួនមានការខឹងសម្បារចំពោះអង្គការមួយ ដែលខ្លួនជឿថាលោក អាបេ មានទំនាក់ទំនងជាមួយអង្គការនោះ។ ជន​ល្មើស​បាន​និយាយ​ថា ការ​ខឹង​សម្បារ​របស់​គាត់​មិន​ជាប់​ទាក់​ទង​នឹង​ជំនឿ​នយោបាយ​របស់​លោក អាបេ អ្វីនោះទេ។ ប៉ូលិសបាន​និយាយ​ថា កាំភ្លើង​ដែល​ប្រើ​ក្នុង​ការ​បាញ់​ប្រហារ​នោះ​គឺ​ជាកាំភ្លើងច្នៃ ហើយ​មាន​ប្រវែង​ប្រហែល ៤០ សង់ទីម៉ែត្រ។ ពួកគេ​និយាយ​ថា ពួកគេក៏​បាន​រឹបអូស​កាំភ្លើង​ជាច្រើន​ដើម​ទៀត ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នៅឯផ្ទះ​ជនល្មើស ហើយការ​វាយ​ប្រហារ​នេះ​ទំនង​ជា​មាន​ការ​គ្រោង​ទុក​ជាមុនយ៉ាង​ល្អ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: