អន្តរជាតិ

ថៃប្រកាសលុបចោលប្រទេសចំនួន ៧ ពីតំបន់ជំងឺឆ្លងដ៏គ្រោះថ្នាក់សម្រាប់ជំងឺកូវីដ-១៩

BY
autoadmin
July 10, 2022

ថៃ៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាលថៃបានចេញផ្សាយសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលស្តីពីការលុបចោលតំបន់នៅក្រៅប្រទេសថៃ ដែលមានជំងឺឆ្លងដ៏គ្រោះថ្នាក់ក្នុងករណីជំងឺកូវីដ-១៩ ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា «ជាមួយនឹងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក មាននិន្នាការថយចុះ និងហានិភ័យនៅក្រៅប្រទេស និងជាប្រភពនៃការរីករាលដាលនៃជំងឺនេះមានចំនួនថយចុះ ឬប្រហាក់ប្រហែលគ្នា។ ចំណែកប្រជាជនថៃនៅក្រៅប្រទេស​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩  ហើយប្រជាជនថៃនៅក្នុងប្រទេសក៏មានប្រព័ន្ធភាពសុំាប្រឆាំងនឹងមេរោគកូវីដ-១៩ កើនឡើងផងដែរ។ លើស​ពី​នេះទៅទៀត អ្នក​ធ្វើ​ដំណើរ​ចូល​មក​ថៃ​ភាគ​ច្រើន​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ រួចជាស្រេចទៀតនោះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល យោងតាមអនុសាសន៍របស់គណៈកម្មាធិការសិក្សា បានសម្រេចចេញ​ប្រកាស​លុប​ ប្រទេសអ៉ីតាលី អ៉ីរ៉ង់ ម៉ាឡេស៊ី ព្រះរាជាណាចក្រ​កម្ពុជា ឡាវ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ពីតំបន់ ដែលមានជំងឺឆ្លងដ៏គ្រោះថ្នាក់ក្នុង​ករណី​ជំងឺ​កូវីដ-​១៩ ដោយសេចក្តី​ប្រកាស​នេះ​នឹង​ចូល​ជា​ធរមាន​បន្ទាប់​ពី​ថ្ងៃ​ចុះ​ផ្សាយ​ក្នុង​សារាចរណ៍​រដ្ឋាភិបាល៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: