លោក ដូណាល់ ត្រាំ កំពុងពិចារណាទៅចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅទីក្រុង តូក្យូ
- BY
- autoadmin
- July 11, 2022
គេហទំព័រព័ត៌មានអភិរក្សនិយម របស់អាមេរិកបាននិយាយថា លោក ដូណាល់ ត្រាំ កំពុងពិចារណាទៅចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ។ សារព័ត៌មាន Breitbart បានសួរអតីតប្រធានាធិបតីអាមេរិករូបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា តើគាត់នឹងចូលរួមពិធីបុណ្យសពរបស់លោក អាបេ ដែរ ឬទេ ហើយលោក ត្រាំ ក៏បានឆ្លើយតបថា៖«យើងនឹងមើលថា តើវាទៅជាយ៉ាងណា» ដោយគាត់បានបន្ថែមថា៖«យើងកំពុងនិយាយជាមួយគ្រួសាររបស់គាត់ [អាបេ]»។ លោក ត្រាំ ត្រូវបានគេដឹងថា មានទំនាក់ទំនងជិតស្និទ្ធខ្លាំងណាស់ជាមួយលោក អាបេ ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលសុន្ទរកថាយុទ្ធនាការមួយ។

លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ថា៖«គ្រប់ទិដ្ឋភាពនៃបុរសម្នាក់នោះ គឺពិតជាពិសេសខ្លាំងណាស់» ហើយថា «យើងមានទំនាក់ទំនងពិសេសជាមួយគ្នា»។ លោកបានរំលឹកថា លោក អាបេ ស៊ីនហ្សូ គឺជាមេដឹកនាំបរទេសដំបូងគេដែលបានមកជួបជាមួយលោកផ្ទាល់ បន្ទាប់ពីលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ អត្ថបទ Breitbart បាននិយាយថា អតីតមេដឹកនាំទាំង ២នាក់ បានចែករំលែកការហៅទូរស័ព្ទរាប់សិបដង ដំណើរកម្សាន្តទៅកាន់ប្រទេសគ្នាទៅវិញទៅមក និងលេងកីឡាវាយកូនហ្គោលជាច្រើនដងជាមួយគ្នាទៀតផង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






