កែវយឺតអវកាស James Webb របស់អង្គការ NASA បានថតយករូបភាពចក្រវាឡក្នុងចម្ងាយឆ្ងាយ និងច្បាស់បំផុតមិនធ្លាប់មានពីមុន
- BY
- autoadmin
- July 12, 2022
កែវយឺតអវកាស James Webb របស់អង្គការ NASA បានថតយករូបភាពអ៉ីនហ្វ្រារ៉េដ (Infrared) ដ៏សែនឆ្ងាយ និងច្បាស់បំផុតនៃចក្រវាឡ ដែលមិនទាន់មានកែវយឺតណាមួយ អាចថតបានបែបនេះទេនាពេលបច្ចុប្បន្ន។ វាត្រូវបានគេស្គាល់ថាជារូប First Deep Field ដែលបង្ហាញពីចង្កោមកាឡាក់ស៊ី SMACS 0723 ពោរពេញដោយព័ត៌មានលម្អិត។ កាឡាក់ស៊ីរាប់ពាន់ រួមទាំងវត្ថុដែលខ្សោយពន្លឺបំផុត ដែលមិនធ្លាប់សង្កេតឃើញនៅក្នុងអ៉ីនហ្វ្រារ៉េដពីមុនៗ សុទ្ធតែបានបង្ហាញខ្លួនដោយការថតរបស់កែវយឺត James Webb ជាលើកដំបូងបំផុត។

រូបភាព First Deep Field ដែលថតដោយកាមេរ៉ា Near-Infrared (NIRCam) របស់ James Webb មួយនេះ គឺជាសមាសធាតុផ្សំគ្នា ពីរូបភាពនៅចម្ងាយរលកផ្សេងៗគ្នា សរុប ១២.៥ ម៉ោង ដែលអាចសម្រេចនូវការថតបានចម្ងាយយ៉ាងឆ្ងាយ លើសពី Deep Field ដោយកែវយឺត Hubble Space Telescope ទៅទៀត។
រូបភាពនេះបង្ហាញពីចង្កោមកាឡាក់ស៊ី SMACS 0723 ដូចដែលវាបានបង្ហាញខ្លួនកាលពី ៤.៦ ពាន់លានឆ្នាំមុន។ ម៉ាស់រួមបញ្ចូលគ្នានៃចង្កោមកាឡាក់ស៊ីនេះ ដើរតួជាកញ្ចក់ទំនាញ ពង្រីកកាឡាក់ស៊ីឆ្ងាយជាច្រើនទៀតនៅពីក្រោយវា។ NIRCam របស់ Webb បាននាំយកកាឡាក់ស៊ីឆ្ងាយទាំងនោះ មកជារូបភាពតែមួយ ដោយពួកវាមានរចនាសម្ព័ន្ធតូចៗ និងខ្សោយពន្លឺ ដែលមិនអាចឃើញពីមុនមក។ ឆាប់ៗនេះ អ្នកស្រាវជ្រាវនឹងចាប់ផ្តើមស្វែងយល់បន្ថែមអំពីម៉ាស់ អាយុកាល ប្រវត្តិ និងសមាសភាពនៃកាឡាក់ស៊ី ខណៈដែល James Webb បន្ដស្វែងរកកាឡាក់ស៊ីដំបូងបំផុតនៅក្នុងសកលលោក៕

អត្ថបទ៖ លីដា
ប្រភព៖ អង្គការណាសា
- Share This Post:






