អន្តរជាតិ

សហរដ្ឋ​អាមេរិកបាន​និយាយ​ថា អ៉ីរ៉ង់​គ្រោង​នឹង​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើករាប់រយ​គ្រឿងទៅអោយរុស្ស៊ី

BY
autoadmin
July 12, 2022

សហរដ្ឋ​អាមេរិកបាន​និយាយ​ថា ប្រទេសអ៉ីរ៉ង់​គ្រោង​នឹង​ផ្គត់ផ្គង់​រុស្ស៊ី​នូវ​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) រាប់រយ​គ្រឿង សម្រាប់ការ​ប្រើប្រាស់​ក្នុង​ប្រទេស​អ៊ុយក្រែន។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា រដ្ឋាភិបាលអ៉ីរ៉ង់កំពុងរៀបចំផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះ​គ្មាន​មនុស្ស​បើក UAVs ជាច្រើនរយគ្រឿង រួមទាំង UAVs ដែលមានសមត្ថភាពបំពាក់សព្វាវុធ ទៅតាមពេលវេលាកំណត់។ លោក Sullivan បាននិយាយថា សហរដ្ឋអាមេរិកមានព័ត៌មានដែលបង្ហាញថា អ៉ីរ៉ង់ក៏កំពុងត្រៀមចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ីនៅដើមខែនេះ ដើម្បីធ្វើការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកទាំងនោះ។

លោក Sullivan បាននិយាយថា វាមិនច្បាស់ទេថា តើអ៉ីរ៉ង់បានបញ្ជូនយន្តហោះគ្មានមនុស្សបើកប្រភេទណាមួយ ទៅឱ្យរុស្ស៊ីនៅឡើយទេ។ ប៉ុន្តែលោក​បាន​កត់​សម្គាល់​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៉ីរ៉ង់ ​ត្រូវ​បាន​ក្រុម​ឧទ្ទាម Houthi ប្រើប្រាស់​ក្នុង​ប្រទេស​យេម៉ែន ដើម្បី​វាយប្រហារ​អារ៉ាប៊ីសាអូឌីត។ យន្តហោះគ្មានមនុស្សបើក ឬយើងហៅថាដ្រូន បានដើរតួយ៉ាងសំខាន់លើភាគីទាំងសងខាងនៃសង្គ្រាមនៅអ៊ុយក្រែន សម្រាប់អ្វីៗគ្រប់យ៉ាង ចាប់តាំងពីការបាញ់មីស៊ីលពីចម្ងាយ រហូតដល់ការទម្លាក់គ្រាប់បែកតូចៗលើគោលដៅ ធ្វើការឈ្លបយកការណ៍សម្រាប់កងកម្លាំងកាំភ្លើងធំ និងកងទ័ពជើងគោកជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ The Wall Street Journal

Share This Post: