ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៉ីរ៉ង់នៅសប្តាហ៍ក្រោយ
- BY
- autoadmin
- July 13, 2022
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៉ីរ៉ង់នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយសមភាគីអ៉ីរ៉ង់ និងទួរគី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ នៅថ្ងៃទី១៩ ខែកក្កដា ហើយជួបជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ។ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ក៏នឹងធ្វើដំណើរទៅកាន់រដ្ឋធានីអ៉ីរ៉ង់ ដើម្បីកិច្ចពិភាក្សាជាមួយលោក ពូទីន។ ចំណែកកិច្ចប្រជុំត្រីភាគី សម្រាប់មេដឹកនាំទាំង ៣ ក៏ត្រូវបានគ្រោងទុកផងដែរ។

មេដឹកនាំទាំង ៣ នឹងពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន និងវិបត្តិស្បៀងអាហារ ដែលកំពុងវិវឌ្ឍន៍ ដោយសារតែការបិទច្រកសមុទ្រខ្មៅរបស់រុស្ស៊ីនៅភាគខាងត្បូងអ៊ុយក្រែន។ ការបិទទ្វារច្រកសមុទ្រខ្មៅ បានរារាំងការដឹងជញ្ជូនគ្រាប់ធញ្ញជាតិមិនឱ្យនាំចេញបាន។ លោក ពូទីន បាននិយាយជាមួយលោក Erdogan តាមទូរស័ព្ទកាលពីថ្ងៃចន្ទ ហើយបានប្រកាសថា ការរៀបចំផ្សេងៗកំពុងត្រូវបានធ្វើឡើងសម្រាប់កិច្ចប្រជុំទល់មុខរបស់ពួកគេ។ ប្រធានាធិបតីរុស្ស៊ីត្រូវបានគេជឿថា កំពុងព្យាយាមបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយអ៉ីរ៉ង់ និងទួរគី ដើម្បីទប់ទល់នឹងសម្ពាធពីប្រទេសលោកខាងលិច៕

អត្ថបទ៖ លីដា
ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍
- Share This Post:






