ប៉ូលីសបានរកឃើញស្នាមគ្រាប់កាំភ្លើងនៅចម្ងាយ ៩០ម៉ែត្រ ពីកន្លែងដែលលោក អាបេ ត្រូវបានគេលបធ្វើឃាត
- BY
- autoadmin
- July 14, 2022
ប៉ូលិសជប៉ុនបានឱ្យដឹងកាលពីថ្ងៃពុធថា ពួកគេបានរកឃើញស្នាមគ្រាប់កាំភ្លើងនៅលើអគារចម្ងាយ ៩០ ម៉ែត្រ ពីកន្លែងធ្វើឃាតអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ (Shinzo Abe) នៅភាគខាងលិចប្រទេសជប៉ុនកាលពីសប្តាហ៍មុន។ វាគឺជាគ្រាប់កាំភ្លើងដំបូង ដែលបាញ់សំដៅទៅលោក អាបេ ក៏ប៉ុន្តែជនល្មើសបានបាញ់ខុយ។ រំលឹកផងដែរថា លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចបានយូរជាងគេបំផុតនៅប្រទេសជប៉ុន ប៉ុន្តែបានលាលែងមុនអាណត្តិដោយសារបញ្ហាសុខភាព ត្រូវបានជនល្មើសឈ្មោះ Tetsuya Yamagami អាយុ ៤១ឆ្នាំ បាញ់ប្រហារដោយកាំភ្លើងច្នៃ នៅលើដងផ្លូវមួយ ក្នុងទីក្រុងណារា។

ការបាញ់លើកទី១ ចេញពីក្រោយខ្នងលោក អាបេ មិនបានចំគោលដៅនោះទេ ប៉ុន្តែការបាញ់លើកទី២ បានបណ្ដាលឱ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលគាត់បានងាយទៅក្រោយ ភ្ញាក់ទៅនឹងសំឡេងកាំភ្លើងគ្រាប់ទី១។ ចំណែកជនល្មើសត្រូវបានចាប់ខ្លួនភ្លាមៗនៅឯកន្លែងកើតហេតុ ប៉ុន្តែត្រូវរង់ចាំរហូតដល់ ៣ សប្ដាហ៍បន្ថែមទៀត ដើម្បីអាចឱ្យព្រះរាជអាជ្ញាសម្រេចថា នឹងចោទជនម្នាក់នេះពីបទឃាតកម្មជាផ្លូវការ។
ប៉ូលីសបាននិយាយថា ពួកគេជឿថា គ្រាប់កាំភ្លើង ឬបំណែកនៃគ្រាប់កាំភ្លើង ពីការបាញ់ដំបូងបានបុកជញ្ជាំង ហើយបានទម្លុះតាមរថយន្តបោះឆ្នោតដែលចតនៅក្បែរនោះ។ ប៉ូលិសបាននិយាយថា ស្នាមគ្រាប់កាំភ្លើងលើជញ្ជាំង និងក្នុងរថយន្តគឺត្រូវគ្នា ដែលបង្ហាញថា វាចេញពីកាំភ្លើងតែមួយ។ កាំភ្លើងច្នៃនោះមានប្រវែង ៤០ សង់ទីម៉ែត្រ ជាប្រភេទដាក់ម្ដង់ ២គ្រាប់ (double-barrel gun) ដោយមានរន្ធគ្រាប់ចំនួន ២ ដែលធ្វើឱ្យកាំភ្លើងអាចបាញ់បានច្រើនគ្រាប់ក្នុងពេលតែមួយ។ ប៉ូលីសក៏បានរកឃើញកាំភ្លើងច្នៃជាច្រើនទៀត ដែលស្រដៀងនឹងកាំភ្លើងដែលបានធ្វើសកម្មភាព នៅឯផ្ទះជនល្មើសផងដែរ៕




អត្ថបទ៖ លីដា
ប្រភព៖ Associated Press
- Share This Post:






