អន្តរជាតិ

ទីបំផុតប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa ព្រមដាក់លិខិតលាលែងពីតំណែងទៅសភាហើយ

BY
autoadmin
July 15, 2022

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ការិយាល័យរបស់ប្រធានសភាស្រីលង្កាបាននិយាយថា ប្រធានាធិបតី Gotabaya Rajapaksa បានផ្ញើលិខិតលាលែងពីតំណែងមកដល់ដៃការិយាល័យរួចហើយ។ ប្រសិនបើភាពត្រឹមត្រូវរបស់វាត្រូវបានផ្ទៀងផ្ទាត់ ហើយដំណើរការផ្លូវច្បាប់ទាំងអស់ត្រូវបានបញ្ចប់ ការលាលែងរបស់ប្រធានាធិបតីត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃសុក្រ។ ក្រោយ​ការ​ថ្លែង​នោះ ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ទីក្រុង​​កូឡុំបូ​ ក៏បាន​ផ្ទុះ​ការ​អបអរភ្លាមៗ។

រំលឹកដែរថា លោក Rajapaksa ធ្លាប់បានបញ្ជាក់ជាថ្មីថា លោកនឹងលាលែងពីតំណែងនៅថ្ងៃពុធ ប៉ុន្តែ​គាត់​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ម៉ាល់ឌីវ​​តាម​យន្តហោះ​យោធា​នៅ​ថ្ងៃ​ដដែល ដោយ​មិន​បានធ្វើតាមសន្យានោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សិង្ហបុរីបាននិយាយថា លោក Rajapaksa បានមកដល់ប្រទេសនេះ កាលពីថ្ងៃព្រហស្បតិ៍ ខណៈក្រសួងការបរទេសសិង្ហបុរីបាននិយាយថា៖«វាត្រូវបានបញ្ជាក់ថា លោក Rajapaksa ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសសិង្ហបុរី ក្នុងដំណើរទស្សនកិច្ចឯកជនមួយ»។ វា​បាន​បន្ថែម​ថា៖«គាត់​មិន​បាន​សុំ​សិទ្ធិ​ជ្រកកោន​ទេ ហើយ​ក៏​មិន​បាន​ទទួល​សិទ្ធិ​ជ្រកកោន​ដែរ»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: