អន្តរជាតិ

ប្រទេសជប៉ុន​គ្រោង​នឹង​ផ្តល់​កិត្តិយស​ដល់លោក អាបេ ស៊ីនហ្សូ ដោយការប្រារព្ធ​ពិធីបុណ្យ​មរណទុក្ខថ្នាក់​រដ្ឋ

BY
autoadmin
July 15, 2022

ជប៉ុន​គ្រោង​នឹង​ផ្តល់​កិត្តិយស​ដល់​អតីត​នាយក​រដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ (Abe ​​Shinzo) ដោយ​នឹងប្រារព្ធ​ពិធីបុណ្យ​សពថ្នាក់​រដ្ឋមួយសម្រាប់គាត់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei ។ នាយករដ្ឋមន្ត្រីលោក Kishida Fumio បាននិយាយថា ពិធីបុណ្យសពត្រូវបានកំណត់ និងប្រារព្ធឡើងនៅរដូវស្លឹកឈើជ្រុះក្នុងប្រទេសជប៉ុន។ លោក Kishida បាននិយាយថា៖«តាមរយៈការប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋនេះ យើងនឹងកាន់ទុក្ខអតីតនាយករដ្ឋមន្ត្រី អាបេ ​​និងបង្ហាញពីការប្តេជ្ញាចិត្តមិនចុះញមរបស់យើង ក្នុងការរក្សាលទ្ធិប្រជាធិបតេយ្យ ហើយមិនចុះចាញ់លើអំពើហឹង្សា»។

លោកបាននិយាយថា លោក អាបេ សម្រេចបានលទ្ធផលនៅក្នុងវិស័យចម្រុះ ដូចជាការកសាងឡើងវិញនូវតំបន់ ដែលរងគ្រោះដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១ ការធ្វើឱ្យសេដ្ឋកិច្ចជប៉ុនមានភាពរស់រវើកឡើងវិញ និងការលើកកម្ពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ រំលឹកដែរថា លោក អាបេ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​ឃោសនា​បោះឆ្នោត​មួយ ​រយៈពេល ២​ថ្ងៃ ​មុន​ការ​បោះឆ្នោត​សភា​ជាន់​ខ្ពស់​។ លោក អាបេ ក៏នឹងក្លាយជាអតីតនាយករដ្ឋមន្ត្រីទី២ ដែលត្រូវបានគេប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋជូន ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២ បន្ទាប់ពីលោក Yoshida Shigeru ដែលបានស្លាប់នៅឆ្នាំ១៩៦៧៕

អត្ថបទ៖ លីដា
ប្រភព៖ Nikkei

Share This Post: