ករណីលោក Abe Shinzo ប៉ូលីសបាននិយាយថា ជនសង្ស័យមានគុំនំរាប់ឆ្នាំជាមួយព្រះវិហារសាសនាមួយ ហើយក៏ធ្លាប់បង្ហោះសារនៅលើបណ្ដាញសង្គមពីកំហឹងរបស់ខ្លួនផងដែរ
- BY
- autoadmin
- July 18, 2022
ការខឹងសម្បារប្រឆាំងនឹងក្រុមសាសនា ត្រូវបានបង្ហាញនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគេជឿថា ត្រូវបានសរសេរដោយជនសង្ស័យ ដែលបានធ្វើឃាតអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ (Abe Shinzo)។ ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ Yamagami Tetsuya មានកំហឹងចំពោះសហព័ន្ធគ្រួសារនៃសន្តិភាព និងការបង្រួបបង្រួមពិភពលោក (Family Federation of World Peace and Unification) ដែលពីមុនត្រូវបានគេស្គាល់ថា ជាព្រះវិហារបង្រួបបង្រួម ដែលម្តាយរបស់គាត់បានបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ជនសង្ស័យដែលមានអាយុ ៤១ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ នៅទីក្រុង Nara កាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅនេះ។

នៅមុនការបាញ់ប្រហារ ជនសង្ស័យ Yamagami ត្រូវបានគេជឿថា បានបង្ហោះសារមួយ ដោយនិយាយថា លោក អាបេ មិនមែនជាសត្រូវចម្បងរបស់ខ្លួននោះទេ បើទោះបីជាអតីតនាយករដ្ឋមន្ត្រីរូបនេះ គឺជាអ្នកគាំទ្រដ៏មានឥទ្ធិពលបំផុតក៏ដោយ។ ជនសង្ស័យ Yamagami ក៏ត្រូវបានគេជឿថា បានសម្តែងការអាក់អន់ចិត្តម្តងហើយម្តងទៀតប្រឆាំងនឹងក្រុមនេះ នៅលើបណ្ដាញ Twitter ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការបង្ហោះទាំងនោះ រួមបញ្ចូលការនិយាយថា រឿងតែមួយគត់ដែលខ្លួនស្អប់គឺ វិហារបង្រួបបង្រួម ដូច្នេះគាត់មិនខ្វល់ថា មានអ្វីកើតឡើងចំពោះរដ្ឋបាលរបស់លោក អាបេ នោះទេ។ មួយផ្សេងទៀត ខ្លួននិយាយថា «គ្រួសារខ្ញុំបានបែកបាក់គ្នា កាលពីខ្ញុំអាយុ ១៤ឆ្នាំ»។
យ៉ាងណាក៏ដោយ ប្រធានសហព័ន្ធគ្រួសារសាខានៅជប៉ុន បានប្រាប់អ្នកយកព័ត៌មានថា លោក អាបេ មិនមែនជាសមាជិក ឬទីប្រឹក្សារបស់ក្រុមខ្លួនអ្វីនោះទេ។ លោកបាននិយាយថា លោក អាបេ គ្រាន់តែធ្លាប់បានបង្ហាញសារមួយ នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយអង្គការសដៀងគ្នាផ្សេងទៀតប៉ុណ្ណោះ។ ក្រុមនេះបាននិយាយថា គេមិនអាចស្វែងរកពេលវេលា និងចំនួនទឹកប្រាក់របស់ម្តាយជនសង្ស័យបានទេ។ ប្រភពពីពូរបស់ជនសង្ស័យបាននិយាយថា ម្ដាយជនសង្ស័យបានបរិច្ចាគទឹកប្រាក់ ១០០ លានយ៉េន ឬប្រហែល ៧២០,០០០ ដុល្លារ ហើយទឹកប្រាក់ចំនួន ៤០០,០០០ ដុល្លារ ក៏ត្រូវបានប្រគល់ទៅឱ្យម្ដាយជនសង្ស័យក្នុងរយៈពេល ១០ឆ្នាំ រាប់ចាប់ពីឆ្នាំ២០១៤។ ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមស្វែងយល់បន្ថែម អំពីរបៀបដែលការខឹងសម្បាររបស់ជនសង្ស័យប្រឆាំងនឹងក្រុមនេះ អាចនាំឱ្យគាត់វាយប្រហារអតីតនាយករដ្ឋមន្ត្រី៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






