លោក Zelenskyy បានបណ្ដេញមន្ត្រីជាន់ខ្ពស់ចំនួន ២រូប ដោយសារកូនចៅរបស់ពួកគេ មានទំនាក់ទំនងជាមួយនឹងប្រទេសរុស្ស៊ី
ប្រធានាធិបតីលោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា បានបណ្តេញប្រធានទីភ្នាក់ងារសន្តិសុខក្នុងស្រុក (SBU) ដ៏មានឥទ្ធិពល និងអគ្គរដ្ឋអាជ្ញារបស់ខ្លួនម្នាក់ផងដែរ ដោយលើកឡើងពីករណីរាប់សិបនៃកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ចេញពីក្រុមមន្ត្រីនៅក្នុងទីភ្នាក់ងាររបស់ពួកគេ។ ការបណ្តេញប្រធាន SBU លោក Ivan Bakanov ដែលជាមិត្តភក្តិពីកុមារភាពរបស់លោក Zelenskyy និងអគ្គរដ្ឋអាជ្ញាលោកស្រី Iryna Venediktova ដែលបានដើរតួយ៉ាងសំខាន់ក្នុងការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី ត្រូវបានប្រកាសនៅក្នុងដីកាប្រតិបត្តិ នៅលើគេហទំព័ររបស់ប្រធានាធិបតី ខណៈវាគឺជាការបណ្តេញមន្ត្រីជាន់ខ្ពស់ធំបំផុត ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន។

នៅក្នុងការបង្ហោះក្នុងបណ្ដាញ Telegram លោក Zelenskyy បាននិយាយថា គាត់បានបណ្តេញមន្ត្រីកំពូលចេញ ព្រោះសមាជិកជាច្រើននៃទីភ្នាក់ងាររបស់ពួកគេ បានសហការជាមួយប្រទេសរុស្ស៊ី ដែលជាបញ្ហាដែលគាត់បាននិយាយថា បានប៉ះពាល់ដល់ភ្នាក់ងារផ្សេងទៀតផងដែរ។ លោកបាននិយាយថា ករណីចំនួន ៦៥១ នៃការចោទប្រកាន់ពីបទក្បត់ជាតិ និងសមគំនិត ត្រូវបានធ្វើឡើងប្រឆាំងនឹងមន្ត្រីរបស់ព្រះរាជអាជ្ញា និងអ្នកអនុវត្តច្បាប់ ហើយថាមន្ត្រីជាង ៦០ នាក់ មកពីភ្នាក់ងាររបស់លោក Bakanov និងលោកស្រី Venediktova ឥឡូវនេះ កំពុងធ្វើការប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងទឹកដីអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia