អន្តរជាតិ

ប្រទេសហ្គាណា បានបញ្ជាក់ពីករណីដំបូងនៃវីរុស Marburg ដែលជាវីរុសបងប្អូនតែមួយ ជាមួយនឹងវីរុសដែលបង្កជំងឺអេបូឡា

BY
autoadmin
July 18, 2022

ប្រទេសហ្គាណាបានបញ្ជាក់ពីករណីដំបូងនៃវីរុស Marburg ដែលជាជំងឺដ៏សាហាវ និងឆ្លងខ្លាំងបំផុត នៅក្នុងគ្រួសារតែមួយជាមួយនឹងវីរុស ដែលបង្កឱ្យកើតជំងឺអេបូឡា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ករណីចំនួន ២ ត្រូវបានគេបញ្ជាក់ថាវិជ្ជមានកាលពីដើមខែនេះ និងត្រូវបានផ្ទៀងផ្ទាល់បន្ដនៅមន្ទីរពិសោធន៍នៃ​ប្រទេស​សេណេហ្គាល់ ខណៈអ្នកជំងឺបានស្លាប់កាលពីពេលថ្មីៗនេះ នៅក្នុងមន្ទីរពេទ្យក្នុងតំបន់ Ashanti ភាគខាងត្បូង។ មន្ត្រីសុខាភិបាលប្រទេសនេះបាននិយាយថា អ្នកសង្ស័យថាបានប៉ះពាល់នឹងអ្នកជំងឺចំនួន ៩៨ នាក់ កំពុងស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែកពីគេ។

ជម្រាបផងដែរថា មិន​ទាន់​មាន​ការ​ព្យាបាល​សម្រាប់ការឆ្លងវីរុស Marburg នៅឡើយ​ទេ ប៉ុន្តែ​វេជ្ជបណ្ឌិត​និយាយ​ថា ការ​ផឹក​ទឹក​ឱ្យបានច្រើន និង​ការ​ព្យាបាល​តាមរោគ​សញ្ញា​ ​ជួយ​បង្កើន​ឱកាស​រស់រាន​មានជីវិត​របស់​អ្នកជំងឺ។ វីរុសនេះ​ឆ្លង​មក​មនុស្ស​ពី​សត្វប្រចៀវ​ (Megabats) ហើយ​ឆ្លង​រវាង​មនុស្ស​តាម​រយៈ​ការ​ចម្លង​សារធាតុ​រាវ​។ វា​ជា​ជំងឺ​ដ៏ធ្ងន់ធ្ងរមួយអាចបណ្ដាលឱ្យស្លាប់ ដោយមានរោគសញ្ញារួមមាន៖ ឈឺក្បាល ក្តៅខ្លួន ឈឺ​សាច់ដុំ ក្អួត​ឈាម និង​ហូរឈាម។ មន្ត្រីកំពុងព្រមានប្រជាជនឱ្យនៅឆ្ងាយពីរូងភ្នំ និងត្រូវចំអិនសាច់សត្វទាំងអស់ឱ្យបានឆ្អិន មុននឹងទទួលទានវា។

អង្គការសុខភាពពិភពលោកធ្លាប់បាននិយាយថា នៅទ្វីបអាហ្រ្វិក ការផ្ទុះឡើងមុនៗ និងករណីជាបន្ដបន្ទាប់ៗ ត្រូវបានគេរាយការណ៍ថា មាននៅក្នុងប្រទេសអង់ហ្គោឡា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កេនយ៉ា អាហ្វ្រិកខាងត្បូង និងអ៊ូហ្គង់ដា។ ការផ្ទុះវីរុស Marburg ដំបូងបង្អស់គឺនៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៦៧ ដែលធ្វើឱ្យមនុស្សចំនួន ៧ នាក់ បានស្លាប់។ វីរុសនេះបានសម្លាប់មនុស្សជាង ២០០ នាក់ នៅក្នុងប្រទេសអង់ហ្គោឡា ក្នុងឆ្នាំ២០០៥ ដែលជាការផ្ទុះឡើងអាក្រក់បំផុតក្នុងកំណត់ត្រា នេះបើយោងតាមស្ថាប័នសុខភាពពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: