ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីរត់ចោលស្រុកមិនទាន់បានប៉ុន្មានផង ឥឡូវបក្សប្រឆាំងស្រីលង្កាក៏ប្រកាសឈប់ធ្វើបេក្ខភាពប្រជែងទៀត

    BY autoadmin July 19, 2022
    ប្រធានាធិបតីរត់ចោលស្រុកមិនទាន់បានប៉ុន្មានផង ឥឡូវបក្សប្រឆាំងស្រីលង្កាក៏ប្រកាសឈប់ធ្វើបេក្ខភាពប្រជែងទៀត

    មេដឹកនាំគណបក្សប្រឆាំងស្រីលង្កាលោក Sajith Premadasa នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា បានប្រកាសថា លោកបានដកខ្លួនចេញពីការប្រកួតប្រជែងដើម្បីក្លាយជាប្រធានាធិបតី ហើយក៏បានសន្យាថា នឹងគាំទ្រដល់បេក្ខភាពគូប្រជែងរបស់គាត់ ដែលគ្រោងនឹងបន្ដតំណែងពីលោក Ranil Wickremesinghe ដែលកំពុងកាន់តំណែងជាប្រធានាធិបតីស្តីទី។ ជាមួយគ្នានេះដែរ ក្រុមនិស្សិត និងក្រុមផ្សេងទៀត ក៏បានគ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងលោក Wickremesinghe ដោយសារពួកគេបានយល់ថា លោកគឺជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី Gotabaya Rajapaksa ដែលទើបតែរត់ចោលប្រទេសកាលពីពេលថ្មីៗនេះ ខណៈដែលសមាជិកសភាបានប្រមូលផ្តុំគ្នានៅក្នុងសភានៅថ្ងៃនេះ ដើម្បីបញ្ចប់បញ្ជីបេក្ខភាពសម្រាប់តួនាទីនេះ មុនការបោះឆ្នោតនៅថ្ងៃពុធ។

    មេដឹកនាំគណបក្សប្រឆាំង Sajith Premadasa

    លោក Premadasa បាននិយាយនៅលើ Twitter ថា៖«ដើម្បីភាពល្អប្រសើរនៃប្រទេសរបស់ខ្ញុំដែលខ្ញុំស្រឡាញ់ និងមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំសូមដកខ្លួនចេញពីបេក្ខភាពសម្រាប់តំណែងប្រធានាធិបតី»។ លោកបាននិយាយថា គណបក្ស Samagi Jana Balawegaya ដែលជាគណបក្សប្រឆាំងដ៏សំខាន់របស់គាត់ និង «សម្ព័ន្ធភាពរបស់យើង និងដៃគូប្រឆាំងរបស់យើង នឹងខិតខំប្រឹងប្រែងដើម្បីអាចធ្វើឱ្យលោក Dullas Alahapperuma ជាអ្នកឈ្នះក្នុងការប្រកួតប្រជែងនេះ»។ មតិខ្លះយល់ថា ការពិតលោក Dullas Alahapperuma ដែលជាអតីតអ្នកកាសែត និងតំណាងរាស្រ្តគណបក្សកាន់អំណាច សមតែទទួលបានការប្រឆាំងតវ៉ាពីបាតុករច្រើនជាងលោក Ranil Wickremesinghe ព្រោះលោក Alahapperuma ធ្វើការក្រោមអំណាចគ្រួសារលោក Rajapaksa ជាយូរមកហើយ៕

    អតីតប្រធានាធិបតី Gotabaya Rajapaksa 

    ប្រធានាធិបតីស្តីទី Ranil Wickremesinghe

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: