ការសិក្សាមួយបានបង្ហាញថា ជនអន្តោប្រវេសន៍មានសុខភាពល្អជាងប្រជាជនម្ចាស់ស្រុក
យោងតាមការសិក្សាមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធនេះបានឱ្យដឹងថា ជនអន្តោប្រវេសន៍មានសុខភាពល្អជាងប្រជាជននៅតាមបណ្តាប្រទេស ដែលពួកគេចូលមករស់នៅដូចជាសហរដ្ឋអាមេរិកជាដើម ហើយជារឿយៗជួយប្រយុទ្ធប្រឆាំងនឹងជំងឺនានាដោយក្លាយជាអ្នកថែទាំសុខភាពនៅប្រទេសទាំងនោះ។ របាយការណ៍ដែលបានចេញផ្សាយដោយសាកលវិទ្យាល័យ University College London និងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet បានសន្និដ្ឋានថា របាយការណ៍ ដែលថាជនអន្តោប្រវេសន៍ធ្វើឱ្យមានបញ្ហាសុខភាព និងបន្ទុកដល់ប្រព័ន្ធសុខភាពគឺជារឿងមិនពិត ដែលលេសនេះត្រូវបានប្រើ ដើម្បីជំរុញឱ្យមានការប្រឆាំងនឹងជនអន្តោប្រវេសន៍ប៉ុណ្ណោះ។
ការសិក្សារយៈពេលពីរឆ្នាំបានរកឃើញថា ជនអន្តោប្រវេសន៍ជាទូទៅមានអាយុកាលមធ្យមខ្ពស់ជាងអ្នករស់នៅក្នុងប្រទេសម្ចាស់ផ្ទះ និងហាក់ដូចជាមិនសូវស្លាប់ដោយសារជំងឺមហារីក និងជំងឺបេះដូងឡើយ។ ការវិភាគបានបង្ហាញថា ជនអន្តោប្រវេសន៍មានសុខភាពល្អ ជនអន្តោប្រវេសន៍រួមចំណែកជាវិជ្ជមានចំពោះសេដ្ឋកិច្ចនៃបណ្តាប្រទេសដែលជាម្ចាស់ផ្ទះ ហើយនៅក្នុងប្រទេសអ្នកមានដូចជាចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍គឺជាផ្នែកមួយដ៏សំខាន់ដល់កម្លាំងពលកម្មនៃប្រទេសទាំងនេះ។ យ៉ាងណាមិញរបាយការណ៍នេះជាលទ្ធផលការសិក្សាលើប្រទេសអ្នកមានតែប៉ុណ្ណោះ ចំពោះជនអន្តោប្រវេសន៍នៅតាមបណ្តាប្រទេសក្រីក្រគឺពុំមានឯកសារគ្រប់គ្រាន់ ដើម្បីធ្វើការសន្និដ្ឋាននោះទេ៕
អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia