លោក ចូ បៃដិន រំពឹងថានឹងបាននិយាយជាមួយលោក ស៊ី ជីនពីង ក្នុងរយៈពេល ១០ ថ្ងៃខាងមុខ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា លោករំពឹងថា នឹងបាននិយាយជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងរយៈពេល ១០ ថ្ងៃខាងមុខ ហើយការពិភាក្សារបស់ពួកគេ ទំនងជាធ្វើតាមបណ្ដាញអ៉ីនធឺណិត ឬតាមទូរស័ព្ទ។ លោក បៃដិន បានធ្វើការកត់សម្គាល់បែបនេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាសមួយ នៅជិតទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ខណៈរដ្ឋបាលរបស់លោក បាននឹងកំពុងគិតគូរពីការកាត់បន្ថយផ្នែកខ្លះនៃពន្ធលើទំនិញ ដែលនាំចូលពីប្រទេសចិន ដើម្បីជួយសម្រួលដល់អតិផរណានៅក្នុងសហរដ្ឋអាមេរិក។

យ៉ាងណាលោក បៃដិន មិនបានផ្តល់ចម្លើយច្បាស់លាស់ទេ នៅពេលអ្នកកាសែតសួរថា តើលោកនឹងពិភាក្សាអំពីពន្ធជាមួយលោក ស៊ី ដែរ ឬទេ។ ប្រសិនបើមេដឹកនាំទាំង ២ និយាយពីរឿងនោះ វានឹងក្លាយជាលើកដំបូងចាប់តាំងពីកិច្ចប្រជុំកំពូលតាមអ៉ីនធឺណិតរបស់ពួកគេនៅក្នុងខែមីនា។ ពួកគេក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីកោះតៃវ៉ាន់ និងអ៊ុយក្រែនផងដែរ។ អ្នកការទូតនៃប្រទេសទាំង ២ បានយល់ព្រមបន្តកិច្ចសន្ទនាទ្វេភាគី ដើម្បីការពារការប្រកួតប្រជែងកុំឱ្យកើនឡើងដល់ការប៉ះទង្គិចគ្នា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីដើមខែនេះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK