អន្តរជាតិ

ថៃប្រកាសរកឃើញករណីដំបូងនៃជំងឺ អុតស្វា “Monkeypox” នៅភូកេតលើជនជាតិនីហ្សេរីយ៉ា

BY
autoadmin
July 22, 2022

លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានបង្ហាញឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃបានរកឃើញករណីដំបូងរបស់ខ្លួននៃជំងឺអុតស្វា “Monkeypox” នៅភូកេត លើបុរសជនជាតិនីហ្សេរីយ៉ាអាយុ ២៧ឆ្នាំ។ អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងខេត្តភូកេត ដោយកាលពីសប្តាហ៍មុនគាត់មានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ កន្ទួលក្រហម និងខ្ទុះដែលចាប់ផ្តើមមាននៅលើប្រដាប់បន្តពូជ ហើយរាលដាលដល់ផ្ទៃមុខ ដងខ្លួន ហើយនិងដៃ។ លទ្ធផល PCR នៃមន្ទីរពិសោធន៍នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn រកឃើញថា មានមេរោគ មុនពេលត្រូវបានបញ្ជាក់ម្តងទៀតដោយមន្ទីរពិសោធន៍នៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៅថ្ងៃអង្គារ (១៩ កក្កដា)។

លោក Opas មាន​ប្រសាសន៍​ថា បន្ទាប់ពីលទ្ធផលត្រូវបានបញ្ជាក់ ក្រុមស៊ើបអង្កេតត្រួតពិនិត្យជំងឺរួមបញ្ចូលទិន្នន័យស៊ើបអង្កេត រោគសញ្ញាគ្លីនិកទាំងពីរ ទិន្នន័យរោគរាតត្បាត និងទិន្នន័យមន្ទីរពិសោធន៍ ផ្ញើទៅគណៈកម្មការសិក្សាក្រោម​គណៈកម្មាធិការ​ជាតិ​ជំងឺឆ្លង នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ យ៉ាង​ណា​ក៏​ដោយ អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺថៃ បានចេញដាស់តឿនប្រជាជនកុំឱ្យភ័យស្លន់ស្លោ ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក មិនបានប្រកាសថា ជំងឺ អុតស្វា “Monkeypox” ជាគ្រាអាសន្នសុខភាពសាធារណៈនោះទេ ដោយសារតែអ្នកជំងឺភាគច្រើនមានរោគសញ្ញាស្រាល ចំណែកឯក្រសួង​សុខាភិបាល​ថៃបាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទប់ទល់​នឹង​ជំងឺ​នេះ៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: