អន្តរជាតិ

អង្គការសុខភាពពិភពលោក៖ រលកកម្ដៅបានឆក់យកជីវិតមនុស្សជាង ១,៧០០ នាក់ នៅក្នុងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់

BY
autoadmin
July 23, 2022

អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានសកម្មភាពរួមគ្នានៅតំបន់អឺរ៉ុប ដើម្បីដោះស្រាយបញ្ហាឫសគល់នៃការប្រែប្រួលអាកាសធាតុ ខណៈដែលទ្វីបអឺរ៉ុបនៅតែជាប់គាំងជាមួយនឹងរលកកម្ដៅក្ដៅខ្លាំងជាកំណត់ត្រា។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អឺរ៉ុប​បាន​រាយការណ៍​ថា សីតុណ្ហភាពបានកើន​​ឡើង​ដល់​ ៤៥​អង្សា​សេ ​នៅ​ប្រទេសអេ​ស្ប៉ា​ញ​ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា និង​ ៤៧​អង្សា​សេ នៅក្នុងប្រទេស​ព័រទុយហ្គាល់ ​នៅ​ថ្ងៃ​បន្ទាប់ ។ សីតុណ្ហភាព​ក៏​បាន​ឡើង​ដល់​ ៤០ អង្សាសេ នៅ​តំបន់​ជាច្រើនផ្សេងទៀត នៅ​ក្នុង​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ WHO បាននិយាយថា៖«យើងបានឃើញអ្នកស្លាប់ច្រើនជាង ១,៧០០ នាក់ រួចមកហើយ នៅក្នុងរលកកម្ដៅបច្ចុប្បន្ននៅក្នុងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់»។ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានព្រមានថា រដូវក្ដៅដ៏ក្ដៅគគុកនេះ គឺនៅមិនទាន់ទៅផុតបានកណ្តាលផ្លូវផងទេ។ អង្គការសុខភាពពិភពលោកបានកត់សម្គាល់ថា បញ្ហាប្រែប្រួលអាកាសធាតុត្រូវតែមានការយកចិត្តទុកដាក់ និងអំពាវនាវឱ្យរដ្ឋាភិបាលធ្វើការរួមគ្នានៅទូទាំងប្រជាជាតិ និងធ្វើឱ្យមាន «ជម្រើសដ៏ឈ្លាសវៃ និងទូលំទូលាយសម្រាប់ផលប្រយោជន៍រួម»៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: