ផ្ទុះភ្នំភ្លើង Sakurajima នៅភាគនិរតីរបស់ប្រទេសជប៉ុន បណ្ដាលឱ្យមានការប្រកាសឱ្យមានប្រុងប្រយ័ត្នខ្ពស់បំផុតកម្រិត៥
- BY
- autoadmin
- July 25, 2022
ក្រុមមន្ត្រីនៅភាគនិរតីនៃប្រទេសជប៉ុន កំពុងអំពាវនាវឱ្យប្រជាជនក្នុងរង្វង់ចម្ងាយ ៣ គីឡូម៉ែត្រ ពីរណ្ដៅភ្នំភ្លើង Sakurajima ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បន្ទាប់ពីភ្នំភ្លើងនេះបានផ្ទុះឡើងកាលពីម្សិលមិញ។ អ្នកសង្កេតការណ៍អាកាសធាតុនៅក្នុងខេត្ត Kagoshima បាននិយាយថា ភ្នំភ្លើងនេះបានផ្ទុះឡើងយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃអាទិត្យ ដែលនាំឱ្យមានការខ្ទាតថ្មចេញពីរណ្ដៅភ្នំភ្លើង។ ក្រុមសង្កេតការណ៍ក៏បានបញ្ជាឱ្យមានការប្រុងប្រយ័ត្នដល់កម្រិតខ្ពស់ទី៥ ដែលមានន័យថា នឹងត្រូវមានការជម្លៀសចេញ ដោយពួកគេបានបន្ថែមថា ភ្នំភ្លើងកំពុងមានសកម្មភាពខ្លាំងណាស់។

ការផ្ទុះរបស់ភ្នំភ្លើង Sakurajima ក៏កំពុងបន្ត ខណៈមានការផ្ទុះដ៏ធំមួយទៀតត្រូវបានរាយការណ៍កាលពីព្រឹកថ្ងៃចន្ទ ហើយផ្សែងភ្នំភ្លើងបានសាយភាយឡើងដល់កម្ពស់២,២០០ ម៉ែត្រ។ មន្ត្រីសង្កេតការណ៍ក៏កំពុងណែនាំការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះកម្អែភ្នំភ្លើងដែលអាចកើតមានក្នុងរង្វង់ប្រហែល ២ គីឡូម៉ែត្រ។ នៅព្រឹកថ្ងៃចន្ទនេះ ក្រុមសង្កេតការណ៍បានបញ្ជូនបុគ្គលិករបស់ខ្លួន ២នាក់ ដើម្បីកំណត់ឱ្យច្បាស់ពីកន្លែងដែលថ្មភ្នំភ្លើងបានហូរកាត់ និងដើម្បីវាយតម្លៃការខូចខាតដែលបណ្តាលមកពីការផ្ទុះ។ ក្រុមសង្កេតការណ៍និយាយថា មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់ត្រូវបានរកឃើញទេ គិតត្រឹមម៉ោង ១០ និង ៣០ ព្រឹកនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






