រុស្ស៊ីដាក់ការចោទប្រកាន់កងកម្លាំងអ៊ុយក្រែនចំនួន ៩២នាក់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
- BY
- autoadmin
- July 25, 2022
ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូបានចោទប្រកាន់សមាជិកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន ៩២នាក់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក Alexander Bastrykin ដែលជាប្រធានគណៈកម្មាធិការ បានប្រាប់គេហទំព័រព័ត៌មានរដ្ឋាភិបាល Rossiiskaya Gazeta ថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មចំនួន ១,៣០០ ករណី កំពុងត្រូវបានចាប់ផ្តើម។ លោកក៏បានស្នើឱ្យមានសាលាក្តីអន្តរជាតិមួយ ដែលគាំទ្រដោយប្រទេសនានា រួមមានអ៉ីរ៉ង់ ស៊ីរី និងបូលីវី ដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់រុស្ស៊ី ខណៈភាគីអ៊ុយក្រែនក៏កំពុងធ្វើការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួនផងដែរ។

លោក Bastrykin បាននិយាយថា មិនត្រឹមតែជនជាតិអ៊ុយក្រែនទាំង ៩២នាក់ ដែលត្រូវបានរុស្ស៊ីចោទប្រកាន់នោះទេ ក្នុងនោះក៏មានមនុស្សចំនួន ៩៦នាក់ ផ្សេងទៀត រួមទាំងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធចំនួន ៥១នាក់ កំពុងត្រូវបានកំណត់មុខសញ្ញាតាមចាប់ខ្លួន។ លោកបានប្រាប់ថា ជនជាតិអ៊ុយក្រែនទាំងនោះបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិភាព និងសន្តិសុខនៃមនុស្សជាតិ។ យ៉ាងណាក៏ដោយ BBC មិនអាចផ្ទៀងផ្ទាត់ការអះអាងដែលបានធ្វើក្នុងបទសម្ភាសន៍នោះទេ ហើយទីក្រុងគៀវនៅមិនទាន់ចេញសេចក្ដីរាយការណ៍ឆ្លើយតបនៅឡើយ។ ប៉ុន្តែសម្រាប់ខែនេះផ្ទាល់ អ៊ុយក្រែនបាននិយាយថា ខ្លួនកំពុងពិនិត្យមើលឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មនៃការឈ្លានពានជាង ២១,០០០ ករណី ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយក្នុងខែកុម្ភៈ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






