អន្តរជាតិ

ប្រទេសរុស្សីគ្រោងចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS ហើយនឹងសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនវិញ

BY
autoadmin
July 27, 2022

អវកាសយានិកមកពីរុស្ស៊ី និងអាមេរិក បានធ្វើការជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៨ ដើម្បីសាងសង់ និងដំណើរការស្ថានីយអវកាសអន្តរជាតិ (ISS)។ ភាគីទាំង ២ បាន​ចំណាយ​ពេល​រាប់​ឆ្នាំជាមួយគ្នា ហើយក៏បានសហការជាមួយអវកាសយានិកមកពីប្រទេសជប៉ុន កាណាដា និងទីភ្នាក់ងារអវកាសអឺរ៉ុបជាច្រើនទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ កាល​ពី​ថ្ងៃ​អង្គារនេះ ប្រធាន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី​បាន​និយាយ​ថា ​ក្រុម​របស់​លោក​មាន​គម្រោង​ដក​ខ្លួន​ចេញពី ISS ហើយនឹងបង្កើតស្ថានីយអវកាសជារបស់ខ្លួនវិញ។

នាយកប្រតិបត្តិនៃទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក Yuri Borisov បាននិយាយថា មន្ត្រីរបស់រុស្ស៊ីគ្រោងនឹងចាកចេញពីស្ថានីយនេះ នៅឆ្នាំ២០២៤ បន្ទាប់មកនឹងសាងសង់ស្ថានីយផ្ទាល់ខ្លួនវិញ។ លោក Borisov បាននិយាយថា៖«យើងដំណើរការ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៅស្ថានីយអវកាសអន្តរជាតិ។ ដោយគ្មានការសង្ស័យ យើងនឹងបំពេញកាតព្វកិច្ចទាំងអស់របស់យើងចំពោះដៃគូរបស់យើង»។

លោក Robyn Gatens នាយក ISS សម្រាប់អង្គការ NASA បាននិយាយថា៖«យើងចង់បន្តរួមគ្នាក្នុងនាមជាដៃគូ ដើម្បីបន្តប្រតិបត្តិការស្ថានីយអវកាសរហូតដល់មួយទសវត្សរ៍ទៀត»។ ខណៈលោក Ned Price អ្នក​នាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាន​និយាយ​ថា​៖«​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន ​ទំនងជាមូលហេតុនៃការ​ផ្លាស់ប្តូរ​ទំនាក់ទំនង​របស់​យើង​ជា​មូលដ្ឋាន»។ គួរឱ្យដឹងដែរថា នៅលើ ISS មានអវកាសយានិកជនជាតិរុស្សីចំនួន ៣នាក់ ជនជាតិអាមេរិកចំនួន ៣នាក់ និងជនជាតិអ៉ីតាលីម្នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: