ការសិក្សាថ្មីមួយបានបង្ហាញថា ប្រជាជនអាមេរិកជិត៥០ភាគរយ យ៉ាងហោចណាស់ក៏មានសាច់ញាតិម្នាក់ដែលជាប់ពន្ធនាគារដែរ
ការសិក្សាថ្មីមួយដោយសាកលវិទ្យាល័យ Cornell និងក្រុម FWD.us បានរកឃើញថា ៤៥ភាគរយនៃជនជាតិអាមេរិកដែលមានប្រហែល១១៣លាននាក់ យ៉ាងហោចណាស់ក៏មានសមាជិកគ្រួសារណាម្នាក់របស់ពួកគេត្រូវជាប់ឃុំមួយយប់ ឬជាប់ពន្ធនាគារដែរ។ របាយការណ៍ដដែលនេះបានបន្តថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស៧នាក់ នៅសហរដ្ឋអាមេរិចមានសមាជិកគ្រួសារ ដែលជាប់គុកយ៉ាងហោចណាស់មួយឆ្នាំ ហើយមនុស្សម្នាក់ក្នុង ចំណោម៣៤នាក់ មានសមាជិកគ្រួសារជិតស្និទ្ធជាប់គុក១០ឆ្នាំ ឬយូរជាងនេះ។ ការស្រាវជ្រាវបានរកឃើញដែរថា មនុស្សស្បែកខ្មៅគឺមាន៥០ភាគរយ ដែលច្រើនជាងមនុស្សស្បែកស ដែលមានសមាជិកគ្រួសារជាប់ឃុំឃាំង។
ក្រុម FWD បានរាយការណ៍ពីការឃុំឃាំងក្នុងតំបន់ថា មនុស្សជាង១០លាននាក់ត្រូវបានចាប់ខ្លួនដាក់គុកជារៀងរាល់ឆ្នាំរយៈពេល២ទសវត្សមកនេះ ហើយបើទោះបីជាការថយចុះអត្រានៃការជាប់ពន្ធនាពេលថ្មីៗនេះក៏ដោយ សហរដ្ឋអាមេរិកនៅតែចាប់ឃុំឃាំងមនុស្ស៧១០នាក់ ក្នុងចំណោម១០០,០០០នាក់ ដែលវានៅតែជាអត្រាខ្ពស់ដដែល។ យ៉ាងណាមិញកាលពីខែមុនប្រធានាធិបតីលោក Donald Trump ក៏បានប្រកាសដែរថា លោកនឹងគាំទ្រកំណែទម្រង់ពន្ធនាគារ ដែលបានធ្វើឡើងដោយសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យដើម្បីកាត់បន្ថយទោសជាប់ពន្ធនាគារសម្រាប់ជនល្មើសអហិង្សាមួយចំនួន៕
អត្ថបទ៖ លីដា
ប្រភព៖ bangordailynews