អន្តរជាតិ

អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa គ្រោងនឹងត្រឡប់ចូលស្រុកវិញពីសិង្ហបុរី

BY
autoadmin
July 27, 2022

សមាជិកសភាស្រីលង្កាម្នាក់បាននិយាយថា អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកប្រទេសវិញពីប្រទេសសិង្ហបុរី។ អ្នកនាំពាក្យខុទ្ទកាល័យលោក Bandula Gunawardena បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា លោក Rajapaksa មិនបានលាក់ខ្លួនអ្វីទេ ប៉ុន្តែកាលបរិច្ឆេទនៃការត្រឡប់មកវិញរបស់លោកមិនត្រូវបានគេដឹងនោះឡើយ។ រំលឹកដែរថា អតីត​មេដឹកនាំ​រូប​នេះ​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ស្រីលង្កា ក្រោយ​មាន​ភាព​ចលាចល​ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច ដោយក្រុមអ្នកតវ៉ាបាននិយាយថា គាត់គ្រប់គ្រងហិរញ្ញវត្ថុជាតិមិនបានល្អ ដែលនាំឱ្យតម្លៃទំនិញសំខាន់ៗកើនឡើង។

លោក Rajapaksa បានចាកចេញពីប្រទេសស្រីលង្កា នៅថ្ងៃទី១៣ ខែកក្កដា ទៅកាន់កោះម៉ាល់ឌីវ មុនពេលធ្វើដំណើរបន្ដទៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃទី១៤ ខែកក្កដា។ គាត់បានដាក់ពាក្យលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីការមកដល់ប្រទេសសិង្ហបុរី ដែលត្រូវបានទទួលយកជាផ្លូវការដោយគណៈរដ្ឋមន្ត្រីស្រីលង្កា នៅថ្ងៃទី១៥ ខែកក្កដា។ អតីតប្រធានាធិបតីរូបនេះ បានធ្វើដំណើរជាមួយភរិយា និងអង្គរក្ស ២នាក់ ហើយគាត់​លែងមាននាម​ជា​ប្រមុខរដ្ឋ​ទៀត​ហើយ។ ចំណែកប្រទេសសិង្ហបុរីវិញបាន​និយាយ​ថា អតីតប្រធានាធិបតី​លោក Gotabaya Rajapaksa មិន​បាន​សុំ​សិទ្ធិ​ជ្រកកោន​នៅប្រទេសខ្លួននោះទេ គឺគ្រាន់តែជាដំណើរទស្សនកិច្ចធម្មតាប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: