កូរ៉េខាងជើងប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយ ដែលអ្នកចូលរួមមិនមានពាក់ម៉ាសអ្វីទាំងអស់ ហើយត្រៀមលើកទង់ជាតិបង្ហាញពីការឆ្លងផុតនៃការរីករាលដាលមេរោគកូវីដ១៩
- BY
- autoadmin
- July 28, 2022
យោងតាមរយៈរូបថតចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ ដែលបានបង្ហាញពីអ្នកចូលរួមរាប់ពាន់នាក់នៅព្រឹត្តិការណ៍សាធារណៈដ៏ធំប្រចាំឆ្នាំនៅទីក្រុងព្យុងយ៉ាង ដោយអ្នកចូលរួមទាំងនោះមិនមានការពាក់ម៉ាស់ឡើយ រួមទាំងមន្ត្រីជាន់ខ្ពស់នៃគណបក្សពលករកូរ៉េខាងជើង និងក្រុមមនុស្សចាស់ពាក់ឯកសណ្ឋានអតីតយុទ្ធជនផងដែរ។

ហើយនេះក៏ជាព្រឹត្តិការណ៍សាធារណៈធំដំបូងគេបង្អស់ របស់អាជ្ញាធរកូរ៉េខាងជើង ដោយគ្មានរបាំងការពារ ចាប់តាំងពីប្រទេសកូរ៉េខាងជើងបានប្រកាសអាសន្នលក្ខណៈជាតិជុំវិញការផ្ទុះឡើងរបស់មេរោគកូវីដ១៩ ដែលបានរីករាលដាលកាលពីនៅខែឧសភាមក។ ចំណែកប្រទេសកូរ៉េខាងជើងក៏ទើបតែបានប្រកាសកាលពីដើមខែនេះថា ខ្លួនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការប្រយុទ្ធប្រឆាំងនឹងវិបត្តិ កូវីដ១៩ ខណៈបណ្តាប្រទេសជិតខាងកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃការបំលែងខ្លួនថ្មីរបស់មេរោគកូវីដ១៩។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ កូរ៉េខាងជើងមិនទាន់បានបញ្ជាក់ពីចំនួនមនុស្សប៉ុន្មាននាក់បានឆ្លងកូវីដ១៩ ដោយសារតែខ្វះឧបករណ៍ធ្វើតេស្ត។ ពាក់ព័ន្ធនឹងអង្គការសុខភាពពិភពលោក ដែលបាននិយាយកាលពីខែមុននោះថា «ស្ថានការណ៍នៅកូរ៉េខាងជើងនឹងអាចនឹងកាន់តែអាក្រក់ជាងនេះទៅទៀត»។
គួរបញ្ជាក់ផងដែរថា៖ សម្រាប់ពិធីគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជននៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងព្យុងយ៉ាង ត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី៦៩ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមកូរ៉េ។ ដោយនៅក្នុងពិធីនេះដែរ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un មិនបានចូលរួមក្នុងពិធីនេះទេ ដោយលោកបានអវត្តមានពីប្រព័ន្ធផ្សព្វផ្សាយតាំងពីថ្ងៃទី ៨ ខែកក្កដា មកម្ល៉េះ៕


អត្ថបទ៖ Bee
ប្រភព៖ channelnewsasia
- Share This Post:






