អន្តរជាតិ

ពលរដ្ឋឥណ្ឌារស់នៅរដ្ឋ Gujarat ចំនួន ២៦នាក់បានបាត់បង់ជីវិត និងជាង ៣០នាក់បញ្ជូនទៅកាន់មន្ទីរពេទេ្យ ដោយសារពុលស្រាខុសច្បាប់

BY
autoadmin
July 28, 2022

យោងតាមមន្ត្រីរដ្ឋាភិបាល Gujarat នៃប្រទេសឥណ្ឌា កំពុងស៊ើបអង្កេត បន្ទាប់​ពី​ត្រូវបានគេរាយការណ៍ថា «ក្រុមមនុស្សជាង ៣០នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ និង ២៦នាក់បានបាត់បង់ជីវិត បន្ទាប់​ពី​ផឹក​ស្រា​ខុស​ច្បាប់» ពុំទាន់មានសេចក្តីរាយការណ៍ថា ក្នុង​ស្រា​ខុស​ច្បាប់​បែប​នេះ​មាន​ជាតិ​គីមី​អ្វី​ដែល​លាយ​បញ្ចូល​គ្នា​ជំនួស​ឲ្យ​ជាតិ​ស្រវឹងរឺក៏បែបណា។  ចំណែករដ្ឋមន្ត្រីមហាផ្ទៃនៃរដ្ឋ Gujarat លោក Raj Kumar បាននិយាយថា៖ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុកចំនួនពីរនៃរដ្ឋ Ahmedabad និង រដ្ឋ Botad ហើយអាជ្ញាធរបានចាត់វិធានការយ៉ាងធ្ងន់ធ្ងរចំពោះហេតុការណ៍នេះ និងបានធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ថែមទៀត។

ខណៈនេះ​ដែរបើ​តាម​សារព័ត៌មានរបស់​ឥណ្ឌាបានរាយការណ៍ថា ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​ស្រា​ខុសច្បាប់នេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាតែងតែជួបប្រទះការស្លាប់ ដោយសារគ្រឿងស្រវឹង ដែលផលិតដោយខុសច្បាប់ ជាពិសេសនៅក្នុងរដ្ឋ Gujarat ដែលបានហាមឃាត់ការផលិត ការលក់ និងការប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុល លើកលែងតែអ្នកដែលមានលិខិតអនុញ្ញាតចេញដោយរដ្ឋាភិបាលប៉ុណ្ណោះដែលអាចផឹកស្រាបាន។ ប្រការ​នេះ​ហើយនាំ​ឲ្យ​ឈ្មួញ​លួច​​រត់ពន្ធ​ស្រា​ខុសច្បាប់​ ដោយមិន​ចាំបាច់បង់ពន្ធ​ក្នុងការលក់​។ ដូច្នេះហើយបើគិតត្រឹមឆ្នាំ ២០២០ មានប្រជាជនឥណ្ឌាយ៉ាងហោចណាស់ចំនួន ១២០ នាក់បានស្លាប់ដោយសារស្រាខុសច្បាប់នៅក្នុងរដ្ឋ Punjab នៃប្រទេសឥណ្ឌានេះ៕

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: