វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក Joe Biden បង្ហើបថា ប្រធានាធិបតីអាមេរិក បានធ្វើតេស្ដអវិជ្ជមានកូវីដហើយ
- BY
- autoadmin
- July 30, 2022
យោងតាមសារព័ត៌មាន CNN បានរាយការណ៍ថា គ្រូពេទ្យផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិក Joe Biden គឺលោក Kevin O’Connor បាននិយាយកាលពីថ្ងៃពុធទី ២៧ ខែកក្កដា ថាលោក Biden បានធ្វើតេស្តអវិជ្ជមានសម្រាប់ COVID-19 ហើយក៏កំពុងតែបញ្ចប់វិធានការដាក់ឱ្យនៅដាច់ដោយឡែកយ៉ាងតឹងរ៉ឹង ដែលបានដំណើរការអស់រយៈពេលជាង ៥ ថ្ងៃ។ លោកវេជ្ជបណ្ឌិត O’Connor បាននិយាយនៅក្នុងអនុស្សរណៈមួយផ្ញើទៅកាន់អ្នកនាំពាក្យសេតវិមាន Karen Jean-Pierre ថា៖ លទ្ធផលតេស្តរបស់លោក Biden ត្រូវបានបញ្ជាក់ថាអវិជ្ជមាន បន្ទាប់ពីគាត់បានធ្វើតេស្តរហ័សពីរដងកាលពីថ្ងៃអង្គារ និងមួយទៀតនៅព្រឹកថ្ងៃពុធ ហើយលទ្ធផលទាំងអស់នោះចេញមកអវិជ្ជមាន។

ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីនឹងត្រូវពាក់ម៉ាស់រយៈពេល ១០ ថ្ងៃទៀតហើយបង្កើនការធ្វើតេស្ត ដើម្បីមិនឱ្យមេរោគត្រឡប់មកជាថ្មី។ លោកវេជ្ជបណ្ឌិត O’Connor បញ្ជាក់បន្តទៀតថា៖ មូលហេតុនៃការធ្វើតេស្តនេះត្រូវបានបន្ថែមដោយសារតែលោក Biden ត្រូវបានព្យាបាលដោយថ្នាំប្រឆាំងមេរោគ Paxlovid ជាមួយនឹងឱកាសតិចតួចដែលអ្នកប្រើប្រាស់នឹង ‘rebound’ ឬកើតឡើងវិញបន្ទាប់ពីការធ្វើតេស្តអវិជ្ជមាន។
ចំណែកមន្ត្រីសេតវិមានបានប្រាប់ CNN ថាលោក Biden ដែលមានអាយុ ៧៩ ឆ្នាំ គ្រោងនឹងមានការនិយាយនៅឯ Rose Garden នៅម៉ោង ១១:៣០ ដោយនិយាយអំពីវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ និងការជំរុញឱ្យប្រជាជនអាមេរិកទៅទទួល ការចាក់វ៉ាក់សាំងអោយគ្រប់ ២ដូស និងទទួលដូសជំរុញផងដែរ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ ប្រធានាធិបតីអាមេរិក បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដកាលពីថ្ងៃព្រហស្បតិ៍ ទី ២១ ខែកក្កដា និងអាការៈ
បន្តិចបន្តួចដូចជា៖ ហៀរសំបោរ ហត់នឿយ សីតុណ្ហភាពរាងកាយខ្ពស់ និងការក្អក ដែលបានបង្ខំឱ្យគាត់នៅដាច់ដោយឡែក និងធ្វើការនៅក្នុងសេតវិមាន ហើយទើបតែចាប់ផ្តើមមកហាត់ប្រាណវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីមានអារម្មណ៍ថាប្រសើរឡើង៕

អត្ថបទ៖Bee
ប្រភព៖ CNN
- Share This Post:






