សាន់ហ្វ្រាន់ស៊ីស្កូរបស់សហរដ្ឋអាមេរិក បានប្រកាសដាក់ទីក្រុងនេះក្នុងភាពអាសន្ន ដោយសារការកើនឡើងនៃជំងឺអុតស្វា Monkeypox
- BY
- autoadmin
- July 29, 2022
មន្ត្រីនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅភាគខាងលិចនៃរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក បានប្រកាសដាក់ទីក្រុងនេះក្នុងភាពអាសន្ន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺអុតស្វា Monkeypox ។ មន្ត្រីសុខាភិបាលសាន់ហ្វ្រាន់ស៊ីស្កូ លោកស្រី Susan Philip បាននិយាយថា៖«យើងចង់បានភាពបត់បែន ដើម្បីអាចប្រើប្រាស់ធនធានរបស់យើង ដើម្បីបម្រើសាធារណៈជន និងការពារសុខភាពបានល្អបំផុត»។ លោកស្រី Philip បានសង្កត់ធ្ងន់ថា គាត់មិនមានគម្រោងអំពាវនាវឱ្យមានការបិទ ឬការរឹតត្បិតតឹងរ៉ឹងណាមួយ ដូចទៅនឹងជំងឺ COVID-19 នោះទេ។

ព្រឹទ្ធសមាជិករដ្ឋកាលីហ្វ័រញ៉ា លោក Scott Wiener បាននិយាយថា៖«នេះគឺជាជំហានដ៏សំខាន់មួយ របស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ»។ ខណៈមន្ត្រីសុខាភិបាលក្រុងបាននិយាយថា ពួកគេរំពឹងថាតួលេខនេះនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកស្រី Philip បាននិយាយថា៖«ដូចដែលយើងដឹងហើយថា មានករណីជាច្រើនទៀតដែលមិនទាន់ត្រូវបានធ្វើរោគវិនិច្ឆ័យនៅឡើយ»។ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានរកឃើញករណីជំងឺអុតស្វាដំបូងរបស់ខ្លួន កាលពីថ្ងៃទី០៣ ខែមិថុនា ហើយគិតត្រឹមថ្ងៃពុធនេះ ទីក្រុងបានរាយការណ៍ថា មានមនុស្ស ២៦១នាក់ បានវិជ្ជមានជាមួយជំងឺនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






