ប្រហែសទៀតហើយ! មន្ត្រីថៃកំពុងស្វែងរកបុរសបរទេសម្នាក់ ដែលមានទំនាក់ទំនងរាងកាយជាមួយអ្នកជំងឺអុតស្វាទី២ របស់ខ្លួន
- BY
- autoadmin
- July 29, 2022
មន្ត្រីថៃកំពុងស្វែងរកបុរសជនជាតិអឺរ៉ុបម្នាក់ ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំងឺអុតស្វា monkeypox ទី២ របស់ប្រទេសថៃ។ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធផលតេស្តបង្ហាញថា បុរសជនជាតិថៃអាយុ ៤៧ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Vajira ក្នុងទីក្រុងបាងកកកាលពីសប្តាហ៍មុន បានវិជ្ជមានចំពោះជំងឺអុតស្វា ខណៈលោក Sopon Iamsirithaworn អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានបញ្ជាក់ថា អ្នកជំងឺអុតស្វាម្នាក់នោះ មានទំនាក់ទំនងរាងកាយជាមួយបុរសជនជាតិអឺរ៉ុបដែលគេកំពុងស្វែងរក។ អ្នកទាំង ២ ត្រូវបានគេដឹងថា បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គម។

លោក Sopon Iamsirithaworn បានមានប្រសាសន៍ថា៖«យើងមិនដឹងថាជនបរទេសនោះរស់នៅទីណា ឬថាគាត់បានចាកចេញពីប្រទេសនោះទេ»។ យ៉ាងណា ក្រុមស៊ើបអង្កេតជំងឺរបស់ក្រសួងសុខាភិបាលសាធារណៈកំពុងព្យាយាមតាមដានបុរសនោះ។ លោកបាននិយាយថា ក្រុមស៊ើបអង្កេតជំងឺនឹងពិនិត្យមើលវីដេអូកាមេរ៉ា CCTV និងសហការជាមួយភ្នាក់ងារពាក់ព័ន្ធ ដូចជាប៉ូលីសទេសចរណ៍ និងស្ថានទូត ដើម្បីស្វែងរកបុរសជនជាតិអឺរ៉ុបនោះ។ លោកបារម្ភថា នេះអាចជាការចាប់ផ្តើមនៃការផ្ទុះជំងឺស្វាក្នុងប្រទេសថៃ ដោយបន្ថែមថា ក្រុមស៊ើបអង្កេតជំងឺក៏នឹងស្វែងរកមនុស្សផ្សេងទៀត ដែលបានប៉ះពាល់អ្នកជំងឺផងដែរ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អគ្គនាយកនាយកដ្ឋាន លោក Opas Karnkawinpong បាននិយាយថា ពួកគេកំពុងធ្វើតេស្ដលើមនុស្ស ១០នាក់ ដែលបានទាក់ទងជាមួយអ្នកជំងឺអុតស្វាទី២ ម្នាក់នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






