អន្តរជាតិ

នាឡិកាដៃរបស់ Adolf Hitler ត្រូវបានដាក់លក់ក្នុងតម្លៃ ១.១ លានដុល្លារ នៅក្នុងការដេញថ្លៃដ៏ចម្រូងចម្រាសមួយ

BY
autoadmin
July 30, 2022

នាឡិកា​ដៃ​មួយ​គ្រឿង​របស់​មេដឹកនាំ​ណាស៊ី លោក Adolf Hitler ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១.១ លាន​ដុល្លារ នៅក្នុង​ការ​ដេញ​ថ្លៃ​មួយ​នៅ​អាមេរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ នាឡិកាម៉ាក Huber មួយគ្រឿងនោះ មានបង្ហាញរូបសញ្ញា Swastika និងមានអក្សរ AH ឆ្លាក់នៅលើវា ហើយវាត្រូវបានលក់ទៅឱ្យជនអនាមិកម្នាក់។ មេដឹកនាំជនជាតិជ្វីហ្វបានថ្កោលទោសលើការដេញថ្លៃនេះយ៉ាងខ្លាំង នៅមុនពេលនាឡិកា​ដៃ​មួយ​គ្រឿងនោះ នឹងត្រូវដាក់លក់នៅផ្ទះដេញថ្លៃ Alexander Historical ក្នុងរដ្ឋ Maryland ។ ទោះយ៉ាងណាក៏ដោយ ផ្ទះដេញថ្លៃដែលបានលក់វត្ថុអនុស្សាវរីយ៍របស់ណាស៊ីកាលពីអតីតកាល បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ថា គោលបំណងរបស់វាគឺដើម្បីរក្សាប្រវត្តិសាស្ត្រ។

លោក Adolf Hitler បានដឹកនាំណាស៊ីអាល្លឺម៉ង់ ចន្លោះឆ្នាំ១៩៣៣ និង១៩៤៥ ដោយបានរៀបចំការសម្លាប់មនុស្សជាប្រព័ន្ធដល់ទៅ ១១ លាននាក់ ហើយ ៦ លាននាក់ ក្នុងចំណោមពួកគេ ត្រូវបានសម្លាប់ដោយសារតែពួកគេជាជនជាតិជ្វីហ្វ។ ប្រភពខ្លះនិយាយថា ​នាឡិកា​នេះ​​អាច​ត្រូវ​បាន​ផ្តល់​ជា​អំណោយ​ថ្ងៃ​កំណើត​ដល់​មេដឹកនាំ​ណាស៊ីរូបនេះ ក្នុង​ឆ្នាំ១៩៣៣ ជា​ឆ្នាំ​ដែល​គាត់​បាន​ក្លាយ​ជា​អធិការបតី​អាល្លឺម៉ង់។ ការវាយតម្លៃដោយផ្ទះដេញថ្លៃបានឱ្យដឹងថា នាឡិកានេះត្រូវបានគេយកទុកជាវត្ថុអនុស្សាវរីយ៍ នៅពេលដែលទាហានបារាំងប្រហែល ៣០ នាក់ បានវាយលុកលើ Berghof ដែលជាពេល Adolf Hitler ធ្វើការដកថយ ក្នុងខែឧសភាឆ្នាំ១៩៤៥។ ពេល​នោះ​គេ​គិត​ថា ​នាឡិកា​នេះ​ត្រូវ​បាន​លក់​បន្ត​ហើយ​បាន​បន្ត​រាប់​ជំនាន់​រហូត​ដល់​បច្ចុប្បន្ន៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: