ប្រទេសប្រេស៊ីលរកឃើញករណីបាត់បង់ជីវិតដំបូង ដោយសារជម្ងឺអុតស្វាក្នុងប្រទេស
- BY
- autoadmin
- July 31, 2022
យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីលបានបញ្ជាក់កាលពីថ្ងៃទី ២៩ ខែកក្កដាថា មានករណីស្លាប់ដំបូងរបស់ប្រទេសដែលបណ្តាលមកពីជំងឺអុតស្វា ហើយជាការស្លាប់លើកដំបូងនៅក្រៅទ្វីបអាហ្វ្រិកផងដែរ។ រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីលលោក Daniel Pereira បាននិយាយថា ជនរងគ្រោះគឺជាបុរសអាយុ ៤១ ឆ្នាំរស់នៅក្នុងរដ្ឋ Minas Gerais ដែលមានភាពស៊ាំទាប និងមានជម្ងឺពីកំណើត ថែមទាំងមានជំងឺមហារីកកូនកណ្តុរ ដែលគាត់មានប្រវត្តិព្យាបាលដោយគីមី។ ចំណែកវេជ្ជបណ្ឌិតបាននិយាយថា មូលហេតុនៃការស្លាប់គឺដោយសារការឆ្លងមេរោគជំងឺអុតស្វាក្នុងឈាមដោយស្ថានភាពជំងឺដែលមានពីមុនបានធ្វើឲ្យរោគសញ្ញានៃជំងឺអុតស្វាកាន់តែធ្ងន់ធ្ងរ ហើយធ្វើអោយគាត់បានស្លាប់បន្ទាប់ពីបានចូលទៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យក្នុងទីក្រុង Belo Horizonte។

យ៉ាងណាមិញ ប៉ុន្មានម៉ោងបន្ទាប់ពីប្រេស៊ីលបានប្រកាសថាមានករណីមានអ្នកស្លាប់ដោយសារជំងឺអុតស្វាដំបូង យោងតាមក្រសួងសុខាភិបាលអេស្ប៉ាញ បានប្រកាសការស្លាប់ដំបូងដោយសារជម្ងឺអុតស្វាផងដែរ ដោយត្រូវបានគេចាត់ទុកថាជាទីមួយរបស់អឺរ៉ុប។
គួរបញ្ជាក់អោយដឹងផងដែរថា៖ មកទល់ពេលនេះ ប្រទេសប្រេស៊ីលបានកត់ត្រាករណីជំងឺអុតស្វាចំនួន ១,០៦៦ ករណីនៅក្នុងរដ្ឋចំនួន ១៦ ដោយករណីភាគច្រើននៅរដ្ឋ Sao Paulo ។ ខណៈដែលមុននេះអង្គការសុខភាពពិភពលោកធ្លាប់បានបញ្ជាក់ពីការស្លាប់ចំនួន ៥នាក់ដោយសារជំងឺអុតស្វា ដែលករណីទាំងអស់គឺនៅទ្វីបអាហ្វ្រិក។ ចំណែកអង្គការសុខភាពសាធារណៈ Pan American បាននិយាយថា ប្រេស៊ីល សហរដ្ឋអាមេរិក និងកាណាដា គឺជាប្រទេសចំនួនបីដែលមានការផ្ទុះឡើងនៃជំងឺអុតស្វាច្រើនជាងគេនៅអាមេរិករហូតមកដល់ពេលនេះ មានអ្នកឆ្លងជាង ៥,០០០ នាក់ហើយ៕



អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






