អន្តរជាតិ

អ៊ុយក្រែន​ស្នើ​ឱ្យ​អង្គការសហប្រជាជាតិ ​(UN) ស៊ើបអង្កេត​ការ​វាយ​ប្រហារ​ពន្ធនាគារ​ ​ដែល​បានបណ្តាលឲ្យអ្នកទោសជាង៥០នាក់បាត់បង់ជីវិត

BY
autoadmin
July 31, 2022

យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថ្ងៃទី ៣០ កក្កដាថា អាជ្ញាធរអ៊ុយក្រែនបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសមាគមកាកបាទក្រហម បានទទួលការអនុញ្ញាតឱ្យស៊ើបអង្កេតទៅលើការស្លាប់របស់អ្នកទោសសង្គ្រាមអ៊ុយក្រែនជាង ៥០ នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើពន្ធនាគារឬមជ្ឈមណ្ឌលឃុំឃាំងអ៊ុយក្រែនក្នុងទីក្រុង Olenifka ដែលត្រូវបានកាន់កាប់ដោយប្រទេសរុស្ស៊ី។

ខណៈនេះដែរសមាគមកាកបាទក្រហមបានចេញសេចក្តីថ្លែងការណ៍ថា៖ សមាគមកាកបាទក្រហមកំពុងព្យាយាមរកផ្លូវចូលទៅក្នុងគុកនៅ Olenifka ដើម្បីជួយ ឬជម្លៀសអ្នករបួស នាពេលនេះដែរ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន​ឥលូវ​ត្រូវ​បាន​ស្តី​បន្ទោសគ្នាទៅវិញទៅមក​ចំពោះ​ការ​វាយ​ប្រហារ​លើ​គុក​នៅ Olenifka កាលពីថ្ងៃ​ទី​២៩ ខែ​កក្កដា កន្លង​ទៅ រុស្ស៊ី​បាន​អះអាង​ថា អ៊ុយក្រែន​បាន​បាញ់​កាំភ្លើង​ធំ​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង បណ្តាលឱ្យមនុស្សស្លាប់រហូតដល់ ៤០ នាក់។ ក្រោយ​មក រុស្ស៊ី​ក៏​បាន​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ពី​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​នៃ​គុក​បន្ទាប់​ពី​ការ​វាយ​ប្រហារ ដោយ គ្រែបានប្រែទៅជាកម្ទេចថ្ម ហើយ​មាន​អ្នក​ទោស​សង្គ្រាម​ដែល​បាន​ស្លាប់​ក្នុង​ភ្លើង​ឆេះនេះផងដែរ។

គួរបញ្ជាក់អោយដឹងផងដែរថា៖ ចំពោះមូលហេតុ​ពិត​ប្រាកដ​ដែលបានកើតឡើងនៅមន្ទីរ​ឃុំឃាំង POW នៅ​មិន​ទាន់​ដឹង​នៅ​ពេល​នេះ​ទេ។ ចំណែកទាហានអ៊ុយក្រែននៅទីក្រុង Olenifka ដែលក្រុមផ្តាច់ខ្លួននៃសាធារណរដ្ឋប្រជាមានិត Donetsk គាំទ្រដោយរុស្ស៊ី កំពុងតែជាអ្នកគ្រប់គ្រងឬកាន់កាប់។ ចំណែក​អ៊ុយក្រែន​វិញ​អះអាង​ថា មជ្ឈមណ្ឌល​ឃុំឃាំង​យោធា​អ៊ុយក្រែន​ជា​គោលដៅ​របស់​រុស្ស៊ី​ក្នុង​ការ​វាយ​ប្រហារ ដោយបានព្យាយាមបំផ្លាញភស្តុតាងនៃការធ្វើទារុណកម្ម និងការសម្លាប់អ្នកទោសសង្គ្រាម ខណៈដែលប្រធានាធិបតី Volodymyr Zelensky របស់អ៊ុយក្រែនបានពណ៌នាឧបទ្ទវហេតុនេះថាជា “ឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីដោយចេតនា” ៕



អត្ថបទ៖ Bee
ប្រភព៖bbc

Share This Post: