អន្តរជាតិ

ថៃ៖ ផ្ទាំងថ្មស្ពានអាកាសមួយផ្ទាំង បានបាក់ធ្លាក់សង្កត់រថយន្តកំពុងបើកបរ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស និង០១នាក់បាត់បង់ជីវិត

BY
autoadmin
August 1, 2022

ថៃ៖ យោងតាមប្រភពព័ត៌មានរបស់ សារព័ត៌មាន thairath បានអោយដឹងថា កាលពីវេលាម៉ោង ២០ និង៣០នាទី យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ធ្នឹមបេតុងស្ពានអាកាស ដែលកំពុង​ជួសជុលមួយដុំធំ បានធ្លាក់​សង្កត់លើ​រថយន្ត​ជាច្រើនគ្រឿង ដែលកំពុងបើកបរលើផ្លូវ​រ៉ា​ម៉ា​២ ត្រង់​ចំណុច​ផ្លូវ​ជាតិ​ខាងមុខ​មន្ទីរពេទ្យ​វិផា​រ៉ា​ម ខេត្ត​សា​មុត​សាខុន​ ប្រទេសថៃ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ និងមានអ្នកបាត់បង់ជីវិតផងដែរ។

យោងតាមរបាយការណ៍​បឋម​បាន​បញ្ជាក់​ថា មានមនុស្ស​ចំនួន ៣​នាក់​បាន​រង​របួស និង​ ០១នាក់ស្លាប់បាត់បង់ជីវិត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost បានឲ្យដឹងថា ធ្នឹមបេតុងដ៏ធំមួយ មានប្រវែងប្រហែល១០ម៉ែត្រ ទម្ងន់ប្រហែល៥តោន រួមនឹងបង្គោលដែកបេតុងរបស់ស្ពានអាកាស បានបាក់ធ្លាក់ទៅលើរថយន្តចំនួន៣គ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសបត់ត្រលប់ក្រោយ (U-turn) ដែលត្រូវបានបិទដើម្បីថែទាំ។

ធ្នឹម​បេតុងដ៏ធំនោះ​បានធ្លាក់​ចំ​រថយន្ត​ម៉ាក Chevrolet ហើយ​មួយ​ផ្នែក​ទៀតធ្លាក់ត្រូវ​រថយន្ត​ភីកអាប់ និង​រថយន្ត​ដឹក​ប្រេង បណ្តាលឲ្យស្ត្រីម្នាក់ ដែលអង្គុយកៅអីខាងមុននៃរថយន្ត Chevrolet បានបាត់បង់ជីវិតភ្លាមៗ ចំណែកឯមនុស្ស៥នាក់ ដែលជិះរថយន្តភីកអាប់ បានរួចផុតជីវិត ដោយគ្រាន់តែរងការខូចខាតផ្នែកខាងមុខរថយន្តប៉ុណ្ណោះ។ ចំណែកឯកម្មករ​ជួសជុលស្ពាន ២នាក់​បាន​រង​របួស ហើយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ក្រោយ​មក​បានបាត់បង់ជីវិត។

ឧបទ្ទវហេតុ​នេះ​បាន​បង្ក​ឲ្យមានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ ខណៈ​កម្មករ​បានធ្វើការយក​កំទេចកំទី​បេតុងចេញពី​ផ្លូវ​ល្បឿន​លឿន​។ មន្ត្រី​ផ្លូវ​ល្បឿន​លឿន​ថៃ បានធ្វើការបិទ​គន្លង​ផ្លូវ​ល្បឿន​លឿននោះ ដោយសារ​ខ្លាច​​ស្ពាន​អាកាសនោះ​មិន​មាន​សុវត្ថិភាពអាចបង្កគ្រោះថ្នាក់ទៀត។

គួរបញ្ជាក់ផងដែរថា នាយកដ្ឋាន​ផ្លូវ​ជាតិ​ប្រទេសថៃ បាន​បិទ​ស្ពាន​អាកាស​ចាស់នេះ តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា មកម្ល៉េះ ដើម្បី​ធ្វើការជួសជុល ដោយសារ​តែ​មាន​ការ​ខូច​ខាត។ ស្ពានអាកាសនេះ​ត្រូវ​បានរថយន្តធំៗតែងតែបើកបរធ្វើដំណើរ។ ផ្ទៃរបស់ស្ពានអាកាសនោះ មានសភាពសឹករិចរិលរហូតដល់ថ្នាក់ឃើញគ្រោងដែករបស់ស្ពាន ហើយគម្រោងជួសជុលស្ពានអាកាសនេះដែរ ​ត្រូវ​បាន​កំណត់​​នឹង​បញ្ចប់​នៅ​ចុង​ខែ​នេះផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: