ម៉ាកាវនឹងបើកទ្វារទីក្រុងឡើងវិញ បន្ទាប់ពីរកមិនឃើញករណីជំងឺកូវីដ១៩ថ្មីៗ ក្នុងរយៈពេល ៩ថ្ងៃ ចុងក្រោយនេះ
- BY
- autoadmin
- August 1, 2022
ទីក្រុងម៉ាកាវនឹងបើកសេវាកម្មសាធារណៈ និងកន្លែងកម្សាន្តឡើងវិញ ក៏ដូចជាអនុញ្ញាតឱ្យចូលទទួលទានអាហារនៅភោជនីយដ្ឋាន ចាប់ពីថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមជ្ឈមណ្ឌលលេងល្បែងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ រកមិនឃើញករណីជំងឺ COVID-19 អស់រយៈពេល ៩ ថ្ងៃជាប់គ្នា។ រដ្ឋាភិបាលបាននិយាយថា ហាងកែសម្ផស្ស កន្លែងហាត់ប្រាណ និងបារ ក៏នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញផងដែរ។ អាជ្ញាធរក៏នឹងតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ នៅពេលពួកគេចេញទៅក្រៅ ហើយត្រូវបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមាន ក្នុងរយៈពេល ៣ថ្ងៃ ដើម្បីចូលទៅក្នុងកន្លែងរឹតត្បឹតមួយចំនួន។

ទីក្រុងម៉ាកាវបានរាយការណ៍អំពីការឆ្លងជំងឺ COVID-19 ចំនួន ១,៨០០ ករណី ចាប់តាំងពីពាក់កណ្តាលខែមិថុនា នៅពេលដែលទីក្រុង បានរងផលប៉ះពាល់ដោយការផ្ទុះឡើងដ៏អាក្រក់បំផុតរបស់ខ្លួន ដែលបានបង្ខំឱ្យបិទកាស៊ីណូ និងបិទទីក្រុងភាគច្រើន។ ទីក្រុងម៉ាកាវ បានបើកកាស៊ីណូរបស់ខ្លួនឡើងវិញនៅថ្ងៃទី២៣ ខែកក្កដា ខណៈដែលអាជ្ញាធរបានចាប់ផ្តើមបន្ធូរបន្ថយវិធានការតឹងរ៉ឹង ដែលធ្លាប់តម្រូវឱ្យអាជីវកម្ម និងបរិវេណភាគច្រើនត្រូវបិទ។ នេះជាលើកទីមួយហើយ ដែលម៉ាកាវត្រូវដោះស្រាយជាមួយនឹងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ដែលមានការរីករាលដាលយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






