អន្តរជាតិ

ប្រធានសភាអាមេរិក បង្ហាញប្រទេសគោលដៅ ដែលត្រូវធ្វើទស្សនកិច្ចនៅតំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ប៉ុន្តែមិនមានតៃវ៉ាន់នោះទេ

BY
autoadmin
August 1, 2022

យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ទីស្នាក់ការអ្នកនាំពាក្យសភាតំណាងរាស្រ្តអាមេរិក Nancy Perrosi បានបង្ហាញនៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដាថា លោកស្រី Perosi បាន​ចាប់ផ្តើមធ្វើដំណើរ​ទស្សនកិច្ចទៅកាន់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​រួច​ហើយ​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ជប៉ុន ដោយ​មិន​បាន​និយាយ​អំពី​ដំណើរទៅកាន់កោះ​តៃវ៉ាន់ ដែលអាចបង្ក​ជា​បញ្ហា​ជាមួយ​ចិន​ឡើយ។ ចំណែកអ្នកស្រី Perozy បានសរសេរនៅលើ Twitter ថា៖ ដំណើរ​ទស្សន​កិច្ច​របស់គណៈ​ប្រតិភូ​ចំនួន​៦​រូប​មក​ពី​សភា ក្នុង​​គោលបំណង​បញ្ជាក់​ឡើងវិញ​នូវ​ការសន្យា​ដែល​មិនអាច​រង្គោះរង្គើ​បានឡើយចំពោះ​សម្ព័ន្ធមិត្ត និងមិត្តរបស់​សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

គួរបញ្ជាក់អោយដឹងផងដែរថា៖ ដំណើរទៅកាន់អាស៊ីរបស់លោកស្រី Perosi កើតឡើងចំពេលមានពាក្យចចាមអារ៉ាមថា លោកស្រីនឹងទៅលេងកោះតៃវ៉ាន់ផងដែរ។ ខណៈដែលដំបូងឡើយលោកស្រី Perosi គ្រោងនឹងទៅលេងកោះតៃវ៉ាន់ក្នុងខែមេសា ប៉ុន្តែបែរជាត្រូវបានពន្យារពេល ដោយសារការឆ្លង COVID-19។ ក្រៅពីនោះប្រធានសភាសហរដ្ឋអាមេរិក ទើប​តែ​និយាយ​កាល​ពី​ដើម​ខែ​កន្លងមកថា វាជារឿងដែលមានសារៈសំខាន់ណាស់ ចំពោះសហរដ្ឋអាមេរិក ដើម្បីបង្ហាញការគាំទ្រចំពោះតៃវ៉ាន់។ ចំពោះពាក្យចចាមអារ៉ាមបែបនេះបានធ្វើឱ្យប្រទេសចិន ដែលពួកគេ​មើល​ឃើញ​តៃវ៉ាន់​ជា​ទឹកដី​ដាច់​ដោយ​ឡែក​សម្រាប់​ពួកគេ​នឹង​ត្រូវ​បាន​ត្រឡប់មកជួបជុំ​គ្នា​វិញ​នៅ​ថ្ងៃ​ណាមួយ​ បាន​ព្រមាន​ថា៖ សហរដ្ឋ​អាមេរិក​នឹង​ប្រឈម​នឹង​លទ្ធផល​ធ្ងន់ធ្ងរ ប្រសិនបើលោកស្រី Perosi ពិតជាបានទៅលេងកោះតៃវ៉ាន់មែន។

យ៉ាង​ណា​មិញ​មក​ទល់​ពេល​នេះ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នោះ​ទេថា តើ​ដំណើរ​ទស្សនកិច្ច​ទៅ​តៃវ៉ាន់​ពិត​ជា​នឹង​កើត​ឡើង​ឬក៏យ៉ាងណា? ខណៈដែលប្រធានាធិបតី Joe Biden ធ្លាប់បាននិយាយថា យោធាអាមេរិកជឿជាក់ថាដំណើរទស្សនកិច្ចរបស់លោកស្រី Perosi ទៅកាន់កោះតៃវ៉ាន់នៅពេលនេះ មិនមែនជាគំនិតដ៏ល្អនោះទេ ស្របចំពេល​មាន​ភាព​តានតឹង​រវាង​អាមេរិក និង​រុស្ស៊ី​ជុំវិញ​ការ​ឈ្លានពាន​របស់​ក្រុង​ម៉ូស្គូ​មក​លើ​អ៊ុយក្រែន ដែលជំរុញអតិផរណាពិភពលោកខ្ពស់ ប៉ុន្តែ​ប្រសិន​បើ​លោកស្រី Perosi ពិត​ជា​ទៅ​តៃវ៉ាន់មែន លោកស្រីនឹងក្លាយជាប្រធានសភាដំបូងគេដែលបានទៅលេងកោះនេះក្នុងរយៈពេល ២៥ ឆ្នាំបន្ទាប់ពីលោក Newt Gingrich ក្នុងឆ្នាំ ១៩៩៧ ៕

អត្ថបទ៖ Bee
ប្រភព៖ bbc

Share This Post: