អន្តរជាតិ

ចូ បៃដិន៖ មេដឹកនាំក្រុមអាល់កៃដា Ayman al-Zawahiri ទទួលមរណភាព បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់សហរដ្ឋអាមេរិក

BY
autoadmin
August 2, 2022

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំក្រុមអាល់កៃដា លោក Ayman al-Zawahiri នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គាត់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មដែលធ្វើឡើងដោយ CIA នៅរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ លោក បៃដិន បាននិយាយថា លោក Zawahiri «បានត្រួសត្រាយផ្លូវឃាតកម្ម និងអំពើហិង្សាលើពលរដ្ឋអាមេរិក»។ លោក​បាន​បន្ថែម​ថា​៖ «​ឥឡូវ​នេះ​យើងទទួលបានយុត្តិធម៌ ហើយ​មេដឹកនាំ​ភេរវកម្មរូប​នេះ​លែង​មាន​ទៀត​ហើយ»។

ក្រុមមន្ត្រីបាននិយាយថា លោក Zawahiri ស្ថិតនៅលើយ៉រនៃផ្ទះសុវត្ថិភាពមួយ នៅពេលដែលយន្តហោះគ្មានមនុស្សបើកបានបាញ់មីស៊ីលចំនួន ២ គ្រាប់មកលើគាត់។ សមាជិកគ្រួសារផ្សេងទៀតក៏មានវត្តមាននៅទីនោះផងដែរ ប៉ុន្តែពួកគេមិនមានរបួសទេ ហើយមានតែលលោក Zawahiri ប៉ុណ្ណោះដែលត្រូវបានសម្លាប់។ លោក ចូ បៃដិន បាននិយាយថា លោកគឺជាអ្នកផ្តល់ការយល់ព្រមចុងក្រោយសម្រាប់ «ការវាយប្រហារដ៏ច្បាស់លាស់» លើមេដឹកនាំអាល់កៃដាអាយុ ៧១ ឆ្នាំរូបនេះ។ គួរឱ្យដឹងដែរថា លោក Zawahiri បានកាន់កាប់ក្រុមអាល់កៃដា បន្ទាប់ពីការស្លាប់របស់លោក Osama bin Laden ក្នុងឆ្នាំ២០១១។ គាត់ និងលោក Bin Laden បានគ្រោងទុកការវាយប្រហារ 9/11 ជាមួយគ្នា ហើយគាត់គឺជា «ភេរវករដែលគេរកមុខបំផុត» របស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: