អន្តរជាតិ

ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កោះតៃវ៉ាន់ ទោះបីជាព្រមានពីភាគីប្រទេសចិនក៏ដោយ

BY
autoadmin
August 2, 2022

ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានចាប់ផ្តើមដំណើរទស្សនកិច្ច​ក្នុងតំបន់អាស៊ីរបស់គាត់ ទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ខណៈកោះតៃវ៉ាន់ ក៏អាចស្ថិតនៅក្នុងបញ្ជីនោះផងដែរ។ ដំណឹងមួយនេះ បានធ្វើឱ្យទីក្រុងប៉េកាំងមានប្រតិកម្មយ៉ាងខ្លាំង ដោយប្រទេសចិនបាននិយាយថា វាអាចនឹងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។ វាក៏មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi នៅ​កោះ​តៃវ៉ាន់​នោះ​ដែរ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា លោកស្រី Pelosi នឹងមកដល់ទីក្រុងតៃប៉ិនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។

ពួកគេនិយាយថា លោកស្រី Pelosi នឹងទៅជួបជាមួយប្រធានាធិបតីតៃវ៉ាន់ គឺលោកស្រី Tsai Ing-wen នៅថ្ងៃពុធ ប៉ុន្តែវាមិនច្បាស់ទេថា តើលោកស្រី Pelosi នឹងអាចមកដល់តៃវ៉ាន់តាមការគ្រោងទុក ឬក៏អត់នោះទេ ដោយសារមានការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិន។ ជាក់ស្ដែង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា៖«វានឹងជាការជ្រៀតជ្រែកទាំងស្រុង នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន» និង «ធ្វើឱ្យខូចទំនាក់ទំនងចិន-អាមេរិកយ៉ាងធ្ងន់ធ្ងរ»។ លោក Zhao បានបន្ថែមថា៖«ប្រសិនបើប្រធានសភា លោកស្រី Pelosi ទទូចចង់ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន»។ លោកបន្ថែមថា៖«កងទ័ពរំដោះប្រជាជនចិន នឹងមិនអង្គុយនៅស្ងៀមឡើយ»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: