ចិនធ្វើការព្រមានពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ជាមួយនឹងសកម្មភាពយោធាធំៗជាច្រើននៅជិតកោះតៃវ៉ាន់
- BY
- autoadmin
- August 2, 2022
សេតវិមានបានព្រមានថា ប្រទេសចិនអាចនឹងសងសឹកនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ជាមួយនឹងសកម្មភាពយោធា។ អ្នកនាំពាក្យលោក John Kirby បាននិយាយថា នេះអាចរាប់បញ្ចូលទាំងការបាញ់មីស៊ីល នៅជិតកោះតៃវ៉ាន់ ឬសកម្មភាពទាំងផ្លូវអាកាស ឬផ្លូវទឹកទ្រង់ទ្រាយធំ។ ជម្រាបដែរថា លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កំពុងជួបប្រជុំនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនៈកិច្ចរបស់លោកស្រីនៅតំបន់អាស៊ី។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ និងសហរដ្ឋអាមេរិកនិយាយថា លោកស្រីមានគម្រោងទៅទស្សនាទីក្រុងតៃប៉ិនៅយប់ថ្ងៃអង្គារ ប៉ុន្តែមិនមានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។

ទោះបីជាយ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Su Tseng-chang បាននិយាយថា កោះតៃវ៉ាន់ស្វាគមន៍យ៉ាងកក់ក្តៅរាល់ភ្ញៀវបរទេស។ លោកបានបន្ថែមថា កោះតៃវ៉ាន់នឹងរៀបចំឱ្យសមស្របបំផុតសម្រាប់ភ្ញៀវទាំងឡាយ។ គួរឱ្យដឹងដែរថា បញ្ហារវាងប្រទេសចិន-កោះតៃវ៉ាន់ តែងតែកើតមានឡើងជាហូរហែ ដោយសារតៃវ៉ាន់ហៅខ្លួនឯងថាជារដ្ឋឯករាជ្យ ខណៈប្រទេសចិននៅតែរាប់តៃវ៉ាន់ថាជាផ្នែកមួយរបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកនៅតែរក្សាជំហរ «ទំនាក់ទំនងមិនផ្លូវការដ៏រឹងមាំ» ជាមួយកោះតៃវ៉ាន់ ខណៈខ្លួនក៏មានទំនាក់ទំនងការទូតផ្លូវការ ជាមួយប្រទេសចិនដោយឡែកពីគ្នា។ កាលពីថ្ងៃចន្ទ បេសកជនចិននៅឯអង្គការសហប្រជាជាតិ លោក Zhang Jun បានព្រមានថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យខូចទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ ចំណែកក្រសួងការបរទេសចិនក៏បាននិយាយផងដែរថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នឹងក្លាយជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយបន្ថែមថា «អ្នកដែលប្រលែងជាមួយភ្លើង នាំមកនូវសេចក្ដីវិនាស»៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






