មន្ត្រីឆ្មាំគុកវៀតណាមម្នាក់ ចូលប្លន់ហាងមាស ហើយយកមាសមកបោះចោលនៅកណ្តាលផ្លូវ រួចស្រែកថា «ទុកឲ្យអ្នកក្រីក្រ» (មានវីដេអូ)
- BY
- autoadmin
- August 2, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា បុរសម្នាក់ក្នុងឯកសណ្ឋានជាប៉ូលិស បានចូលទៅប្លន់ហាងមាសចំនួន ២កន្លែង នៅកណ្ដាលទីក្រុងរបស់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ហើយគាត់បានបោះគ្រឿងអលង្ការទាំងអស់នោះទៅលើផ្លូវ ហើយស្រែកថា «ទុកឱ្យអ្នកក្រីក្រដទៃ»។ ជនសង្ស័យត្រូវបានគេដឹងថា ជាប៉ូលីសយាមគុក និងបានកាន់កាំភ្លើង AK47 ចូលទៅប្លន់ហាងមាសនៅឯផ្សារ Dong Ba កំឡុងម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់។ ក្រោយពីគាត់បានប្លន់ហាងមាសទាំង ២ រួចហើយនោះ គាត់បានបោះវាទៅលើផ្លូវ ហើយបានស្រែកថា៖«មាសសម្រាប់អ្នកក្រីក្រ»។

ប៉ូលីសបាននិយាយថា ក្រោយបានបោះគ្រឿងអលង្ការទៅលើផ្លូវរួចហើយនោះ គាត់បានចាកចេញពីកន្លែងកើតហេតុ ដោយដើរតាមបណ្តោយផ្លូវ Tran Hung Dao ទល់មុខផ្សារ, ឆ្លងទៅសួន Trinh Cong Son ហើយបានទូរស័ព្ទទៅក្រុមគ្រួសាររបស់គាត់បន្ទាប់ពីនោះ។ ពេលជនសង្ស័យចេញផុតពីផ្សារ ក៏មានមនុស្សជាច្រើនបានប្រញាប់ទៅកន្លែងកើតហេតុ ដើម្បីប្រមូលគ្រឿងអលង្ការទាំងនោះ ហើយរហូតដល់ម៉ោង ២រសៀល គាត់បានទម្លាក់កាំភ្លើងចុះ និងយល់ព្រមប្រគល់ខ្លួន។
លោកវរសេនីយ៍ឯក Duong Van Thoan ប្រធាននាយកដ្ឋានប៉ូលិសខេត្តបាននិយាយថា ជនសង្ស័យមានឈ្មោះថា Ngo Van Quoc ជាមន្ត្រីធ្វើការនៅពន្ធនាគារក្នុងខេត្ត Thua Thien-Hue ។ លោក Thoan បាននិយាយថា ប៉ូលិសកំពុងជំរុញអ្នកដែលបានប្រមូលគ្រឿងអលង្ការទាំងនោះ គួរប្រគល់វាឱ្យមកខាងប៉ូលីសវិញ ហើយក៏បានបើកការស៊ើបអង្កេតរួចហើយដែរ ខណៈក្រុមមន្ត្រីកំពុងស្រង់រូបភាពសន្តិសុខពីផ្សារ និងផ្លូវ Tran Hung Dao ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលរើសបាន៕


អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






