អន្តរជាតិ

កូរ៉េខាងជើង​បានរិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ថាជាការជ្រៀតជ្រែកដោយឥតខ្មាស របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់គេ

BY
autoadmin
August 3, 2022

ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ បានរិះគន់អ្វីដែលខ្លួនហៅថាជា «ការជ្រៀតជ្រែកដោយឥតខ្មាស» របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ លោកស្រី Pelosi បានមកដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃអង្គារ ក្នុងដំណើរមួយដែលគាត់ហៅវាថា ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកដែលមិនផ្លាស់ប្តូរចំពោះតៃវ៉ាន់ ប៉ុន្តែប្រទេសចិនបានថ្កោលទោសដំណើរទស្សនកិច្ចជាន់ខ្ពស់បំផុតក្នុងរយៈពេល ២៥ឆ្នាំ នោះថា ជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ .

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា ពួកគេថ្កោលទោសយ៉ាងខ្លាំង ចំពោះការជ្រៀតជ្រែករបស់កម្លាំងខាងក្រៅណាមួយនៅក្នុងបញ្ហាកោះតៃវ៉ាន់ និង គាំទ្រយ៉ាងពេញទំហឹងលើប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងខ្សែបន្ទាត់សេដ្ឋកិច្ចរបស់ខ្លួន។ មន្ត្រីមិនស្គាល់អត្តសញ្ញាណរូបនោះបាននិយាយថា «វាជាសិទ្ធិត្រឹមត្រូវរបស់រដ្ឋអធិបតេយ្យមួយ ដើម្បីចាត់វិធានការប្រឆាំងនឹងចលនារបស់កងកម្លាំងខាងក្រៅ ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងបំផ្លាញបូរណភាពទឹកដីរបស់ខ្លួន»។

លោកបាននិយាយថា៖«ការជ្រៀតជ្រែកដោយឥតលាក់លៀមរបស់អាមេរិក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗ និងការបង្កហេតុខាងនយោបាយ និងយោធាដោយចេតនារបស់ខ្លួន គឺពិតជាមូលហេតុឫសគល់នៃការយាយីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ ដោយបន្ថែមថា៖ «តៃវ៉ាន់​ជា​ផ្នែក​មួយ​ដែល​មិន​អាច​បំបែក​បាន​របស់​ចិន ហើយ​បញ្ហា​តៃវ៉ាន់​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: