អន្តរជាតិ

ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi និងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen គ្រោងនឹងទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជុំគ្នា បន្ទាប់ពីបានជួបគ្នានៅក្នុងទីក្រុងតៃប៉ិ

BY
autoadmin
August 3, 2022

ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi កំពុងជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅក្នុងទីក្រុងតៃប៉ិ ហើយអ្នក​ទាំង​ ២ ​ក៏​គ្រោង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួមគ្នាផងដែរ។ ដំណើរ​ទស្សនកិច្ច​នេះ ​គឺជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត​ទៅកាន់​កោះ​តៃវ៉ាន់​របស់​មន្ត្រី​អាមេរិក នៅ​ក្នុង​រយៈពេល ២៥ ឆ្នាំចុងក្រោយ ខណៈវាបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសចិន។ លោកស្រី Pelosi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សានេះ «នឹងផ្តោតលើការបញ្ជាក់ឡើងវិញនូវការគាំទ្រ និងការលើកកម្ពស់ផលប្រយោជន៍រួម»។

លោកស្រី Pelosi កំពុង​ធ្វើ​ដំណើរ​ទេសចរណ៍​អាស៊ី​ ដែល​រួម​មាន​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី កូរ៉េ​ខាង​ត្បូង និង​ជប៉ុន។ លោកស្រីបានមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ សម្រាប់ការចុះចតដែលគេគ្រប់គ្នាគិតទុកជាមុន បើទោះជាគ្មានការប្រកាសជាផ្លូវការ ខណៈដែលមន្ត្រីចិនបានព្រមានប្រឆាំងដាច់ខាត នឹងដំណើរទស្សនកិច្ចមួយនេះ។

ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ បន្ទាប់ពីលោកស្រី Pelosi បានទៅដល់កោះតៃវ៉ាន់ ដោយបាននិយាយថា ដំណើរទស្សនកិច្ចនេះ «មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋាននយោបាយ» នៃទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ ក្រសួងក៏និយាយផងដែរថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: