អន្តរជាតិ

ប្រទេសថៃបានរកឃើញករណីទី៣ នៃជំងឺអុតស្វា monkeypox ពីអ្នកទេសចរអាល្លឺម៉ង់ដែលបានមកលេងកោះភូកេត

BY
autoadmin
August 3, 2022

ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ (Disease Control Department) បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសរបស់ខ្លួនបានកត់ត្រាករណីថ្មីនៃជំងឺអុតស្វា monkeypox ចេញពីអ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ ដែលបានមកលេងកោះភូកេត។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក DCD បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៅក្រសួងសុខាភិបាលសាធារណៈថា អ្នកទេសចរម្នាក់នោះមានអាយុ ២៥ឆ្នាំ និងបានចូលមកប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកក្កដា ហើយគាត់គឺជាករណីទី៣ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនេះ។

រដ្ឋបាលខេត្តនឹងរាយការណ៍អំពីពេលវេលាលម្អិតរបស់ភ្ញៀវទេសចរម្នាក់នោះ ទៅកាន់ DCD ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរក និងតាមដានមនុស្សទាំងអស់ ដែលបានមកទំនាក់ទំនងជិតស្និទ្ធជាមួយគាត់។ លោក Opas បាននិយាយថា ភ្លាមៗបន្ទាប់ពីអ្នកទេសចរម្នាក់នោះបានចូលមកដល់ប្រទេសថៃ គឺគាត់បានចេញរោគសញ្ញារួចទៅហើយ ដូច្នេះ DCD ជឿថា គាត់បានឆ្លងជំងឺនេះមុនពេលចូលមកដល់ប្រទេសថៃ។ គិតមកទល់ពេល​នេះ អ្នកដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​គាត់​ មិនទាន់មាននរណាតេស្ដវិជ្ជមានជាមួយជំងឺនៅឡើយ។

លោក Opas បាននិយាយថា អ្នកដែលស្និទ្ធស្នាលជាមួយអ្នកជំងឺ នឹងត្រូវតាមដានរយៈពេល ២១ថ្ងៃ ដោយមិនចាំបាច់ដាក់ឱ្យនៅដាច់ពីគេទេ ប៉ុន្តែមិនគួរប៉ះពាល់ ឬទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃឡើយ។ លោក​បាន​កត់​សម្គាល់​ថា ​ករណី​ទាំង​ ៣ ដែលប្រទេសថៃបានកត់ត្រាកន្លងមក គឺជាបុរសទាំងអស់ ដោយមានម្នាក់ជាជនជាតិថៃ និងម្នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា។ វាស្របទៅនឹងរបាយការណ៍ WHO ដែលថា ៩៨% នៃអ្នកជំងឺអុតស្វា monkeypox គឺជាបុរសដែលស្រឡាញ់ភេទដូចគ្នា ឬមានទំនាក់ទំនងរាងកាយជាមួយភេទដូចគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: