តៃវ៉ាន់កំពុងចរចាផ្លូវអាកាសដោះទាល់ជាមួយជប៉ុន និងហ្វីលីពីន បន្ទាប់ពីចិនបានប្រកាសពីសមយុទ្ធបា-ញ់គ្រាប់ពិតនៅជុំវិញកោះនេះ
- BY
- autoadmin
- August 3, 2022
កោះតៃវ៉ាន់កំពុងចរចាជាមួយប្រទេសជិតខាងដូចជា៖ ជប៉ុន និងហ្វីលីពីន ដើម្បីស្វែងរកផ្លូវអាកាសដោះទាល់ បន្ទាប់ពីចិនបានប្រកាសនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជុំវិញកោះដែលពឹងផ្អែកលើពាណិជ្ជកម្មមួយនេះ។ យោធារបស់ប្រទេសចិនបានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ រួមជាមួយនឹង «ប្រតិបត្តិការយោធាគោលដៅជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងស្ថានការណ៍នេះ»។

ឆ្លើយតបទៅនឹងទង្វើនេះ ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថា សមយុទ្ធនេះគឺស្មើនឹង «ការបិទទាំងផ្លូវសមុទ្រ និងអាកាស» ដែលជាការគំរាមកំហែងដល់ដែនទឹកអន្តរជាតិ។ ការិយាល័យដែនសមុទ្រ និងកំពង់ផែរបស់តៃវ៉ាន់ ក៏បានចេញសេចក្តីជូនដំណឹងចំនួន ៣ ផងដែរកាលពីថ្ងៃពុធ ដោយស្នើឱ្យនាវាប្រើប្រាស់ផ្លូវជំនួសផ្សេងទៀត សម្រាប់កំពង់ផែចំនួន ៧ នៅជុំវិញកោះនេះ។ ជម្រាបដែរថា លោកស្រី Nancy Pelosi បានមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ ហើយគាត់ក៏កំពុងជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅក្នុងទីក្រុងតៃប៉ិផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






