កម្ពុជាធ្វើម្ហូប “ហហ្មុក” ដែលជាមុខម្ហូបមួយ ក្នុងចំណោម្ហូបខ្មែរដទៃទៀត ទទួលរដ្ឋមន្ត្រីការបរទេសអាស៊ាន ខណៈរដ្ឋមន្ត្រីការបរទេសជប៉ុនទន្ទឹងចង់ទទួលទានម្ហូបនេះ
រាជធានីភ្នំពេញ៖ កាលពីម្សិលមិញនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា (Yoshimasa Hayashi) រដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានជ្រើសយកម្ហូប «ហហ្មុក» ដែលជាមុខម្ហូបមួយ ក្នុងចំណោម្ហូបខ្មែរដទៃទៀត ទទួលរដ្ឋមន្ត្រីការបរទេសអាស៊ាន។

សូមបញ្ជាក់ថា កាលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានផ្ញើសារជូនប្រជាពលរដ្ឋកម្ពុជា បានឱ្យដឹងថា ក្នុងទស្សនកិច្ចលើកនេះ លោកមានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន។ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានបង្ហាញនូវចំណាប់អារម្មណ៍ដោយលើកឡើងថា៖ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្ដមចង់សាកល្បងអ្វីនោះ គឺម្ហូបខ្មែរ។ “ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះ ខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាហហ្មុក”៕



