រដ្ឋបាលព្រៃឈើ ឆ្លើយតបចំពោះការព្រួយបារម្ភរបស់សាធារណជន ករណីការដោះដូរ “តំបន់ភ្នំតាម៉ៅ”
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន បានឱ្យជ្រាបថា៖

នៅក្នុងសប្ដាហ៍នេះ រដ្ឋបាលព្រៃឈើបានកត់សម្គាល់ឃើញថា មានសាធារណជនជាច្រើនបានមានចម្ងល់អំពីស្ថានភាពព្រៃឈើនៅភ្នំតាម៉ៅ។ រដ្ឋបាលព្រៃឈើ សូមធ្វើការជម្រាបជូនសាធារណជនអោយបានជ្រាបថា តំបន់ភ្នំតាម៉ៅនេះ ជាតំបន់ស្ថានីយ៍ស្ដារព្រៃឈើមួយ ដែលមានដំណុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ តំបន់ទាំងនេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូចច្នេះ រាជរដ្ឋាភិបាល បានសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។
ការអភិវឌ្ឍតំបន់នេះមិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅអោយមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្ដុបទឹក ក៏ដូចជាការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារីនខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈនានា។ ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណៈកម្មការឯកជនភាវូនីយកម្ម ដែលមានអន្តរក្រសួង ពិនិត្យ និងវាយតម្លៃអំពីការដោះដូរយ៉ាងត្រឹមត្រូវ។
សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ រដ្ឋបាលព្រៃឈើ ដូចខាងក្រោម៖
