ប្រទេសកូរ៉េខាងជើងបានប្រកាសពីការបញ្ចប់នៃរលកទី១ របស់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន
- BY
- autoadmin
- August 5, 2022
ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រ ទី០៥ ខែសីហា បាននិយាយថា អ្នកជំងឺគ្រុនក្តៅទាំងអស់របស់ខ្លួនបានជាសះស្បើយឡើងវិញអស់ហើយ ដែលនេះជាការបញ្ចប់នៃរលកទី១ នៃការចម្លងរាតត្បាតនៃជំងឺ COVID-19 ប៉ុន្តែបញ្ហាប្រឈមនៅតែបន្ត ជាមួយនឹងការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងចំនួនប្រជាជនដែលមិនបានទទួលថ្នាំបង្ការ ដែលពួកគេអាចប្រឈមនឹងការកើតឡើងវិញនាពេលអនាគត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។

ប្រទេសនេះមិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ដែលបានឆ្លងជំងឺ COVID-19 នោះទេ ជាក់ស្តែងខ្លួនក៏មានការខ្វះការផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តផងដែរ។ ប៉ុន្ដែពួកគេបាននិយាយថា អ្នកជំងឺគ្រុនក្តៅប្រហែល ៤.៧៧ លាននាក់ បានជាសះស្បើយពេញលេញ ខណៈមនុស្សចំនួន ៧៤ នាក់បានស្លាប់ ចាប់តាំងពីចុងខែមេសា។ វាត្រូវបានគេរាយការណ៍ថា មិនមានករណីគ្រុនក្តៅថ្មីទេ ចាប់តាំងពីថ្ងៃទី៣០ ខែកក្កដា រហូតមកទល់ពេលនេះ។ យ៉ាងណាក៏ដោយ មន្ត្រីកូរ៉េខាងត្បូង និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដ បានដាក់ការសង្ស័យលើតួលេខទាំងនោះ ជាពិសេសចំនួនអ្នកស្លាប់ ដោយពួកគេគិតថា ចំនួនពិតប្រាកដអាចច្រើនជាងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






