អ្នកកាសែតជប៉ុនដែលមីយ៉ាន់ម៉ាបានចាប់ខ្លួន ពេលនេះត្រូវផ្ទេរពីប៉ុស្តិ៍ប៉ូលីសទៅកាន់ពន្ធនាគារ
- BY
- Lyda
- August 5, 2022
អ្នកកាសែតជប៉ុនលោក Kubota Toru ដែលត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ពេលនេះ ត្រូវបានគេផ្ទេរពីប៉ុស្តិ៍ប៉ូលីសទៅកាន់ពន្ធនាគារក្នុងទីក្រុងយ៉ាំងហ្គោន ហើយលោកក៏ត្រូវបានគេរំពឹងថា នឹងត្រូវប្រឈមមុខនឹងតុលាការ សម្រាប់ការចោទប្រកាន់នានាលើរូបគាត់។ រំលឹកផងដែរថា លោក Kubota ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ខណៈពេលដែលគាត់កំពុងធ្វើការតវ៉ាប្រឆាំងនឹងរបបយោធា ក្នុងទីក្រុងយ៉ាំងហ្គោន កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ។
លោក Kubota ប្រឈមមុខនឹងការចោទប្រកាន់ រួមមានការបំពានច្បាប់អន្តោប្រវេសន៍ ដោយអាជ្ញាធរបានអះអាងថា គាត់បានចូលប្រទេសមីយ៉ាន់ម៉ា ដោយមានទិដ្ឋាការទេសចរណ៍ ប៉ុន្តែបានមកថតសកម្មភាពបាតុកម្មទៅវិញ។ ជម្រាបផងដែរថា កាលពីក្នុងខែមេសា ឆ្នាំ២០២១ កងកម្លាំងយ៉ាន់ម៉ាក៏បានឃាត់ខ្លួនអ្នកកាសែតជប៉ុនម្នាក់ផ្សេងទៀត ដែលមានឈ្មោះថា Kitazumi Yuki ដោយគាត់ត្រូវបានគេចោទប្រកាន់ថា ផ្សព្វផ្សាយព័ត៌មានមិនពិត។ គាត់ត្រូវបានដោះលែងវិញ ប្រហែល ១ខែ បន្ទាប់ពីរដ្ឋាភិបាលជប៉ុនទាមទារឱ្យដោះលែងគាត់៕
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post: