អន្តរជាតិ
កោះតៃវ៉ាន់បានថ្កោលទោសប្រទេសចិនយ៉ាងខ្លាំង បន្ទាប់ពីមីស៊ីលចិនចំនួន ៤គ្រាប់ បានហោះរំលងរដ្ឋធានីតៃប៉ិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កោះតៃវ៉ាន់បានថ្កោលទោសប្រទេសចិនយ៉ាងខ្លាំង បន្ទាប់ពីចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលទៅក្នុងដែនទឹកជុំវិញខ្លួន ហើយមានមីស៊ីលចំនួន ៤គ្រាប់ បានហោះរំលងរដ្ឋធានីតៃប៉ិតែម្ដង។ ក្នុងអំឡុងពេលសមយុទ្ធយោធាកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបន្តរហូតដល់ថ្ងៃសុក្រនេះ ប្រទេសចិនបានបាញ់មីស៊ីលផ្លោង និងដាក់ពង្រាយទាំងយន្តហោះចម្បាំង និងនាវាចម្បាំង នៅជុំវិញកោះតៃវ៉ាន់ ហើយប្រទេសចិនបានប្រើប្រាស់គ្រាប់ពិតប្រាកដ ខណៈវាគឺជាការធ្វើសមយុទ្ធយោធាធំបំផុតមិនធ្លាប់មាន។

រំលឹកផងដែរថា កងទ័ពរំដោះប្រជាជនចិនបានប្រកាសតំបន់គ្រោះថ្នាក់ជាច្រើនជុំវិញកោះតៃវ៉ាន់ ដោយប៉ះពាល់ផ្លូវដឹកជញ្ជូនដ៏មមាញឹក និងនៅចំណុចខ្លះមានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពី ច្រាំងរបស់កោះតៃវ៉ាន់ប៉ុណ្ណោះ។ ទីក្រុងប៉េកាំងបាននិយាយថា សមយុទ្ធនេះនឹងបន្តរហូតដល់ពាក់កណ្តាលថ្ងៃអាទិត្យ ហើយតៃប៉ិបានរាយការណ៍ថា យន្តហោះចម្បាំង និងនាវារបស់ចិន បានឆ្លងកាត់ «ខ្សែបន្ទាត់មធ្យម» ដែលរត់កាត់ច្រកសមុទ្រតៃវ៉ាន់នៅព្រឹកថ្ងៃសុក្រនេះ។ ទីក្រុងប៉េកាំងបានហៅហ្គេមរបស់ខ្លួនថា ជាការឆ្លើយតបចាំបាច់បំផុត ទៅកាន់ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានប្រឆាំងថា មេដឹកនាំរបស់ប្រទេសចិន «មានប្រតិកម្មជ្រុលពេក»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
អន្តរជាតិ
ក្រសួងសុខាភិបាលវៀតណាម កំពុងស្នើឱ្យមានការយកពន្ធអាករចំពោះភេសជ្ជៈមានជាតិស្ករលើសកម្រិត
ក្រសួងសុខាភិបាលវៀតណាមបានស្នើឱ្យមានការអនុវត្តពន្ធអាករសម្រាប់ភេសជ្ជៈផ្អែមទាំងអស់ ដើម្បីឱ្យស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ក្នុងកិច្ចប្រជុំស្តីពីផលប៉ះពាល់នៃភេសជ្ជៈផ្អែមលើសុខភាព កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Tran Thi Trang អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាល បាននិយាយថា ក្រសួងកំពុងស្នើឱ្យអនុវត្តការយកពន្ធគយ ដោយផ្អែកលើបរិមាណជាតិស្ករនៅក្នុង ១០០ មីលីលីត្រទឹក។ ការស្នើនេះត្រូវបានធ្វើឡើង ខណៈក្រសួងហិរញ្ញវត្ថុកំពុងបង្កើតសេចក្តីព្រាងច្បាប់ស្តីពីពន្ធអាករសម្រាប់ភេសជ្ជៈផ្អែម។

លោកស្រីអនុប្រធានបាននិយាយថា វាគួរតែមានការចាត់ថ្នាក់កម្រិតជាតិស្ករឱ្យបានច្បាស់លាស់ ដែលមានន័យថា ជាតិស្ករកាន់តែច្រើន តម្លៃពន្ធក៏កាន់តែខ្ពស់។ លោកស្រីបានស្នើថា ភេសជ្ជៈដែលមានកម្រិតជាតិស្ករក្រោមកម្រិតជាក់លាក់មួយ នឹងមិនចាំបាច់ត្រូវយកពន្ធបន្ថែមនោះទេ។ ក្រសួងក៏បាននិយាយដែរថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភេសជ្ជៈផ្អែមមានការរីកលូតលាស់យ៉ាងខ្លាំង ហើយពួកគេរំពឹងថា ភេសជ្ជៈទាំងនេះនឹងកើនឡើងពី ៣ ទៅ ៥% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
យោងតាមនិយមន័យរបស់អង្គការសុខភាពពិភពលោក ភេសជ្ជៈផ្អែមគឺជាភេសជ្ជៈដែលមានជាតិស្ករបន្ថែម ដូចជាទឹកសូដាផ្អែម ទឹកក្រូចដប និងភេសជ្ជៈប៉ូវកម្លាំង។ WHO ណែនាំឱ្យមានការដាក់ពន្ធលើភេសជ្ជៈផ្អែមលើសកម្រិតបែបនេះ គឺដើម្បីសុខភាព និងកាត់បន្ថយជំងឺធាត់ក្នុងចំណោមប្រជាជន។ យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលវៀតណាមនៅមិនទាន់វាយតម្លៃកម្រិតជាតិស្ករ ដែលនឹងត្រូវគិតពន្ធគយបន្ថែមនោះទេ។ ជាមួយគ្នានេះ ក្រុមហ៊ុនភេសជ្ជៈជាច្រើនក៏កំពុងស្នើសុំឱ្យពន្យារពេលការដាក់ពន្ធនេះ ដោយសារតែពួកគេទើបតែងើបពីជំងឺ COVID-19 ដែលបានប៉ះពាល់យ៉ាងខ្លាំង លើការផលិតក្នុងឆ្នាំកន្លងមក៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
អន្តរជាតិ
ជនជាតិថៃម្នាក់ប្រកាសរកទិញក្រដាសប្រាក់ ២០បាត ដ៏កម្រមួយ ហើយគាត់ហ៊ានឱ្យថ្លៃរហូតដល់ ៣,០០០បាត ក្នុងមួយសន្លឹក
យោងតាមការចុះផ្សាយរបស់ The Thaiger បានឱ្យដឹងថា អ្នកប្រមូលទិញកាក់ និងក្រដាសប្រាក់ថៃមួយរូប បានប្រកាសរកទិញក្រដាសប្រាក់ ២០បាត ដ៏កម្រមួយ ហើយគាត់នឹងហ៊ានឱ្យថ្លៃរហូតដល់ទៅ ៣,០០០បាត នៅក្នុងមួយសន្លឹក។ ក្រដាសប្រាក់ ២០ បាតថ្មី ដែលបញ្ចេញឱ្យចរាចរកាលពីឆ្នាំមុន ត្រូវបានបោះពុម្ពដោយគ្មានបន្ទាត់បញ្ឈរនៅខាងឆ្វេង (ដូចក្នុងរូបខាងក្រោម) ហើយលោក Gig ដែលជាអ្នកប្រមូលទិញ នឹងផ្ដល់ជូនរហូតដល់ ៣,០០០បាត ទៅតាមស្ថានភាពក្រដាសនៅចាស់ ឬថ្មី។

លោក Gig បានប្រកាសរកក្រដាសប្រាក់ ២០បាត តាំងតែពីខែឧសភា ឆ្នាំមុន ដោយសារគាត់ដឹងថា ក្រដាសប្រាក់កម្រនេះនៅមានចរាចរ ហើយកាលពីខែមុន គាត់ក៏ធ្លាប់ប្រកាសឱ្យថ្លៃ ១,៥០០បាត ប៉ុន្តែពុំទាន់រកឃើញអ្នកលក់នោះទេ។ គាត់ក៏ហ៊ានឱ្យថ្លៃពី ៥០,០០០ ទៅ ១៥០,០០០បាត នៅក្នុងមួយដុំក្រដាសប្រាក់ដែលមាន ១០០សន្លឹកផងដែរ (លុយដែលបោះពុម្ភក្នុងបាច់តែមួយ)។
ជម្រាបដែរថា កាលពីខែកញ្ញាឆ្នាំមុន ធនាគារកណ្តាលថៃ (BOT) បាននិយាយថា ក្រដាសប្រាក់ថៃ ២០ បាតថ្មី ត្រូវបានបោះពុម្ពខុសបច្ចេកទេស ដោយលេខថៃ និងអារ៉ាប់មិនស៊ីគ្នាឡើយ។ ធនាគារកណ្តាលបាននិយាយថា ពួកគេកំពុងធ្វើការប្រមូលក្រដាសប្រាក់ដែលបោះពុម្ពខុសនោះ មិនឱ្យធ្វើចរាចរបន្ដទៀត។ ក្នុងពេលជាមួយគ្នានេះ ប្រជាជនថៃអាចប្រើប្រាស់ក្រដាសប្រាក់ដោយស្របច្បាប់បាន ប៉ុន្តែអាចបាននៅឯធនាគារពាណិជ្ជប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger