អន្តរជាតិ

ប្រទេសចិនប្រកាសដាក់ទណ្ឌកម្មលើប្រធាសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi

BY
autoadmin
August 5, 2022

ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់នាពេលថ្មីៗនេះ បានជំរុញឱ្យមានកំហឹង និងការបង្អួតកងកម្លាំងយោធាពីទីក្រុងប៉េកាំង។ ក្រសួងបាននិយាយថា លោកស្រី Pelosi «កំពុងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ» ហើយថា ទីក្រុងប៉េកាំងនឹង «ដាក់ទណ្ឌកម្មលើលោកស្រី Pelosi និងក្រុមគ្រួសាររបស់គាត់» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីអាមេរិកមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សម្រាប់ការធ្វើសកម្មភាពប្រឆាំងនឹងអ្វី ដែលខ្លួនចាត់ទុកជាផលប្រយោជន៍ស្នូលរបស់ខ្លួន និងនិយាយអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង និងតំបន់ភាគពាយ័ព្យនៃស៊ីនជាំង ជាញឹកញាប់ដោយមិនបានបញ្ជាក់វិធានការដាក់ទណ្ឌកម្មទាំងនោះឡើយ។ កាលពីខែមីនាឆ្នាំនេះ ទីក្រុងប៉េកាំងក៏បាននិយាយថា ខ្លួនកំពុងដាក់ការរឹតត្បឹតលើទិដ្ឋាការរបស់មន្ត្រីសហរដ្ឋអាមេរិកដោយមិនបានបញ្ជេញឈ្មោះ ហើយបានចោទប្រកាន់ថា សហរដ្ឋអាមេរិកបានភូតកុហកលើបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងប្រទេសចិន៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: