ថៃរកឃើញករណីទី៤នៃជំងឺអុតស្វា ចេញពីអ្នកជំងឺម្នាក់រស់នៅក្នុងទីក្រុងបាងកក ខណៈបុគ្គលនោះធ្លាប់បានដើរលេងនៅតំបន់ជាច្រើន ទាំងដែលខ្លួនចាប់ផ្ដើមចេញរោគសញ្ញា
- BY
- autoadmin
- August 7, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណីទី៤ នៃជំងឺអុតស្វានៅថ្ងៃសុក្រនេះ ចេញពីអ្នកជំងឺម្នាក់រស់នៅក្នុងទីក្រុងបាងកក ហើយអ្នកជំងឺម្នាក់នោះ បានទៅដើរលេងកន្លែងកម្សាន្ដជាច្រើន ជាមួយនឹងជនបរទេស បើទោះបីជារូបគេមានចេញរោគសញ្ញាជាបណ្ដើរៗក៏ដោយ។ លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយថា ករណីថ្មីបំផុតមួយនេះ គឺស្ត្រីអាយុ ២២ឆ្នាំម្នាក់ ដែលតែងទៅដើរលេងនៅតំបន់ ដែលមានហានិភ័យនៃការចម្លងជំងឺអុតស្វា។

លោកថា ស្ត្រីរូបនោះមានចេញរោគសញ្ញាគ្រុនក្តៅ នៅថ្ងៃទី២៩ ខែកក្កដា ប៉ុន្តែនៅតែទៅលេងកន្លែងកម្សាន្តក្នុងទីក្រុងបាងកក ជាមួយមិត្តភ័ក្តិថៃ និងបរទេសរបស់ខ្លួន។ លុះនៅថ្ងៃទី៣០ ខែកក្កដា គាត់បានចាប់ផ្តើមមានពងបែកនៅលើដៃ និងជើង មុនពេលវារាលដាលដល់សរីរាង្គផ្លូវភេទរបស់គាត់ និងផ្នែកផ្សេងៗនៃរាងកាយ។ កាលពីថ្ងៃពុធ ស្ត្រីរូបនេះបានទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ត Samut Prakan ហើយលទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឡើងដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បានបង្ហាញថា គាត់បានឆ្លងជំងឺអុតស្វា៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






