ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានលុបចោលជើងហោះហើរ និងបានប្តូរផ្លូវអាកាសឆ្លងកាត់ដែនអាកាសចិន ខណៈពេលដែលមានការសមយុទ្ធយោធា
- BY
- Bee
- August 6, 2022
នេះបើយោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើន រួមមាន Korean Air, Asiana និង Singapore Airlines បានលុបចោលជើងហោះហើរជាច្រើន ក៏ដូចជាបានផ្លាស់ប្តូរផ្លូវហោះហើរ ដើម្បីបញ្ចៀសដែនអាកាសខាងលើតំបន់ដែលយោធាចិនកំពុងអនុវត្តទៅ៦ចំណុចជុំវិញកោះតៃវ៉ាន់ ឆ្លើយតបនឹងករណីលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តអាមេរិកបានធ្វើដំណើរទៅកោះតៃវ៉ាន់នៅថ្ងៃទី ២ ខែសីហា បើទោះជារដ្ឋាភិបាលចិនបានប្រឆាំងយ៉ាងខ្លាំងក៏ដោយ ហើយនេះក៏បានចង្អុលបង្ហាញថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍របស់ចិន។
សារព័ត៌មាន Al Jazeera ក៏បានបន្តរាយការណ៍ថា «ក្រុមហ៊ុនអាកាសចរណ៍ Korean Air នៅក្នុងប្រទេសកូរ៉េខាងត្បូងបានលុបចោលជើងហោះហើរទាំងអស់ទៅកាន់កោះតៃវ៉ាន់នៅថ្ងៃសុក្រទី 5 ខែសីហា និងថ្ងៃសៅរ៍ទី 6 ខែសីហា ខណៈដែលក្រុមហ៊ុន Asiana Airlines ដែលជាគូប្រជែងនៅកូរ៉េខាងត្បូង ក៏បានផ្លាស់ប្តូរផ្លូវទៅតៃវ៉ាន់ដែរ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Korean Air ក៏បានកំណត់ការហោះហើរឡើងវិញនៅថ្ងៃអាទិត្យរបស់ខ្លួនទៅកាន់ទីក្រុងតៃប៉ិក្នុងរយៈពេលមួយម៉ោង បន្ទាប់ពីក្រុមហ៊ុន Asiana Airlines បានប្រកាសពន្យារពេលបីម៉ោងនៃការហោះហើរកាលពីថ្ងៃព្រហស្បតិ៍។ ចំណែកខាងក្រុមហ៊ុនអាកាសចរណ៍ Singapore airlines និងក្រុមហ៊ុនអាកាសចរណ៍ Scoot បានលុបចោលជើងហោះហើរទាំងអស់ រវាងសិង្ហបុរី និងតៃប៉ិ នៅថ្ងៃសុក្រ ទី៥ ខែសីហា ហើយនឹងតាមដានស្ថានការណ៍បន្តទៀត។
ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ ANA និង Japan Airlines នៅប្រទេសជប៉ុនបន្តដំណើរការជើងហោះហើរតាមកាលវិភាគ ប៉ុន្តែបានប្តូរជើងហោះហើរទៅកាន់ទីក្រុងតៃប៉ិ ហុងកុង និងអាស៊ីអាគ្នេយ៍ ដើម្បីបញ្ចៀសដែនអាកាស ដែលចិនកំពុងធ្វើសមយុទ្ធយោធា។
គួរបញ្ជាក់អោយដឹងផងដែរថា៖ កងទ័ពចិនកំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុតមិនធ្លាប់មាននៅច្រកសមុទ្រតៃវ៉ាន់ ដែលបានចាប់ផ្តើមពីថ្ងៃទី ៤ ខែសីហា រហូតដល់ថ្ងៃអាទិត្យ ទី ៧ ខែសីហា ដោយមានការបាញ់កាំជ្រួចទាំងពីរ បញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំង ទៅកាន់តំបន់ដែលមានសមយុទ្ធចំនួន៦ជុំវិញកោះតៃវ៉ាន់៕
អត្ថបទ៖ Bee
ប្រភព៖ aljazeera
- Share This Post: